តម្រូវការមាសពិភពលោក កើនឡើងដល់កម្រិតខ្ពស់បំផុតបំបែកកំណត់ត្រា

អន្តរជាតិ

យោងតាមក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញឲ្យដឹងថា តម្រូវការមាសជាសកលបានកើនឡើង ៣% ដល់ចំនួសរុប ១ ៣១៣ តោន នៅក្នុងត្រីមាសទី៣ ដោយបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ខណៈពេលដែលតម្រូវការវិនិយោគបានកើនឡើងយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម Reuters បានរាយការណ៍ឲ្យដឹងទៀតថា តម្លៃមាសសកលបានហក់ឡើង ៥០% នៅឆ្នាំនេះ បន្ទាប់ពីមានការកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ចំនួន ៤ ៣៨១ដុល្លារ ក្នុងមួយអោន គិតនៅត្រឹមថ្ងៃទី២០ ខែតុលា ដែលត្រូវបានជំរុញដោយតម្រូវការ ជុំវិញភាពតឹងនៃភូមិសាស្រ្តនយោបាយ ភាពមិនប្រាកដប្រជានៃពន្ធគយរបស់សហរដ្ឋអាមេរិក ជាដើម។

យ៉ាងណាមិញ លោកស្រី Louise Street អ្នកវិភាគទីផ្សារជាន់ខ្ពស់ប្រចាំនៅក្រុមប្រឹក្សាមាសពិភពលោក បាននិយាយថា ៖”​ ទស្សនវិស័យសម្រាប់មាសនៅតែមានសុទិដ្ឋិនិយម ដោយសារតែភាពទន់ខ្សោយនៃប្រាក់ដុល្លារ ការរំពឹងទុកនៃអត្រាការប្រាក់ចុះទាប និងការគំរាមកំហែងនៃអតិផរណា ដែលអាចជំរុញឲ្យមានការវិនិយោគបន្ថែម”។

គួរឲ្យដឹងថាតម្រូវការមាសដុំ និងកាក់ បានកើនឡើង ១៧% នៅក្នុងត្រីមាសទីបី ដែលនាំមុខដោយប្រទេសឥណ្ឌា និងចិន ខណៈពេលដែលលំហូរចូលទៅក្នុងមូលនិធិជួញដូរប្តូរមាស បានកើនឡើងដល់ ១៣៤%។ នេះបើតាម WGC ដែលជាស្ថាប័នឧស្សាហកម្មមួយដែលមានសមាជិករបស់ខ្លួនជាក្រុមហ៊ុនរុករករ៉ែមាស។

ជុំវិញតម្រូវការរួមខាងលើ បានប៉ះប៉ូវសងនៃការធ្លាក់ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់នៃការផលិតគ្រឿងអលង្ការមាស ដែលជាប្រភេទធំបំផុតនៃតម្រូវការរូបវន្ត ដែលបានធ្លាក់ចុះអស់ ២៣% មកនៅត្រឹម ៤១៩,២ តោន ដោយសារតែការកើនឡើងនៃតម្លៃខ្ពស់ធ្វើឲ្យប៉ះពាល់ដោយការសម្រេចចិត្តរបស់អ្នកទិញ។

ទន្ទឹមនឹងនេះ ធនាគារកណ្តាល ដែលជាប្រភពដ៏សំខាន់នៃតម្រូវការមាសមួយទៀត ក៏បានបង្កើនការទិញចំនួន ១០% ដល់ចំនួនសរុប ២១៩,៩ តោន នៅក្នុងត្រីមាសទីបីនេះផងដែរ។នេះបើយោងតាមការប៉ាន់ប្រមាណរបស់ WGC ដោយផ្អែកលើការទិញដែលបានរាយការណ៍ និងការវាយតម្លៃ៕​