យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបង្ហាញឲ្យដឹងទៀតថា ប្រទេសចិន បានយល់ព្រមទិញសណ្តែកសៀងអាមេរិក ចំនួន ១២ លានតោន ក្នុងរដូវកាលប្រមូលផលបច្ចុប្បន្នដែលមានរយៈពេលដល់ខែមករា ឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Bessent បានបញ្ជាក់បន្ថែមទៀតថា ប្រទេសចិនក៏បានបេ្តជ្ញាចិត្តក្នុងការទិញសណ្តែកសៀងចំនួន ២៥ លានតោន ជារៀងរាល់ឆ្នាំ សម្រាប់រយៈពេលបីឆ្នាំខាងមុខផងដែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង បន្ទាប់ពីមានកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងប្រទេសកូរ៉េខាងត្បូង។
គួរឲ្យដឹងផងដែរថា កន្លងមកការធ្លាក់ចុះនៃតម្រូវការសណ្តែកសៀងរបស់ចិន បានធ្វើឲ្យកសិករអាមេរិក ដែលជាសសរស្តម្ភដ៏សំខាន់នៃមូលដ្ឋាននយោបាយរបស់លោក ត្រាំ ខានបង់អស់រាប់ពាន់លានដុល្លារ។ ហើយចំពោះកិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានរំពឹងថានឹងធ្វើឲ្យត្រលប់ទៅរកភាពប្រក្រតីវិញ ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន ដែលជាអ្នកនាំចូលសណ្តែងសៀងកំពូលរបស់អាមេរិក។
មិនតែប៉ុណ្ណោះ លោក Bessent ក៏បានសង្កត់ធ្ងន់ទៀតថា ប្រទេសដដៃទៀត នៅអាស៊ីអាគ្នេយ៍ ក៏បានយល់ព្រមទិញសណ្តែកសៀងអាមេរិក ក្នុងចំនួន ១៩ លានតោនបន្ថែមទៀតពីអាមេរិកផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលានៃការទិញ ឬប្រទេសដែលពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងនេះ នៅឡើយនោះទេ។
ជម្រាបជូនថា តម្លៃនាំចេញសណ្តែកសៀងរបស់សហរដ្ឋអាមេរិកបានកើនឡើងពី ២០ដុល្លារ ទៅ ៣០ដុល្លារក្នុងមួយតោន ក្នុងសប្តាហ៍នេះ ខណៈដែលក្រុមហ៊ុននាំចេញរំពឹងថាកិច្ចប្រជុំត្រាំ-ស៊ី នឹងជំរុញតម្រូវការថ្មី៕

