រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានឲ្យដឹងកាលពីថ្ងៃទី៣០ ខែតុលាថា ប្រទេសចិន បានឈានដល់ការអនុម័តកិច្ចព្រមព្រៀងផ្ទេរ សម្រាប់កម្មវិធី TikTok របស់ខ្លួន ដោយរំពឹងថាកិច្ចព្រមព្រៀងនេះ នឹងដំណើរការ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្នុងអំឡុងកម្មវិធី “Mornings with Maria” របស់ Fox Business Network បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជិកពីង លោក Bessent បានបង្ហាញថា ៖”នៅទីក្រុង Kuala Lumpur យើងបានបញ្ចប់កិច្ចព្រមព្រៀង TikTok ទាក់ទងនឹងការទទួលបានការយល់ព្រមពីប្រទេសចិន ហើយខ្ញុំរំពឹងថាវានឹងដំណើរការទៅមុខ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងឬអាចនៅខែខាងមុខ ហើយយើងនឹងឃើញដំណោះស្រាយចំពោះបញ្ហានោះ”។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មចិន ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន នឹងដោះស្រាយបញ្ហាទាក់ទងនឹង TikTok ជាមួយសហរដ្ឋអាមេរិកឲ្យបានត្រឹមត្រូវបំផុត ស្របពេលអ្នកនាំពាក្យចិនម្នាក់បានបន្ថែមថា ភាគីទីក្រុងប៉េកាំង នឹងធ្វើការជាមួយភាគីសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហាទាក់ទងនឹង TikTok ឱ្យបានល្អបំផុត ផងដែរ។
ជុំវិញបញ្ហានេះ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។ ជោគវាសនារបស់កម្មវិធីដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០ លាននាក់នៅតែមិនទាន់មានភាពច្បាស់លាស់អស់រយៈពេលជាង ១៨ខែមកហើយ បន្ទាប់ពីសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយក្នុងឆ្នាំ២០២៤ ដែលបានបញ្ជាឱ្យម្ចាស់ជនជាតិចិនរបស់ TikTok លក់ទ្រព្យសម្បត្តិពួកគេ នៅសហរដ្ឋអាមេរិក បើមិនចង់ប្រឈមមុខទៅនឹងការបិទទាំងស្រុង។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះបទបញ្ជាពន្យាពេលនៃការបិទកម្មវិធី TikTok ជាបន្តបន្ទាប់ ដោយសង្ឃឹមថានឹងមានដំណោះស្រាយប្រកបដោយសន្តិវិធីណាមួយ៕

