សហរដ្ឋអាមេរិក បានដាក់កម្រិតទៅលើការហោះហើរដោយសារតែខ្វះអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដោយសារតែរដ្ឋាភិបាលបានបិទដំណើរការ ហើយក្នុងនោះក៏បានរារាំងដោយការហោះហើរនៃយន្តឯកជនរបស់មហាសេដ្ឋីកំពូលជាច្រើន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនបានហាមឃាត់ស្ទើតែទាំងស្រុងនូវការធ្វើដំណើរតាមយន្តហោះឯកជន នៅក្នុងអាកាសយានដ្ឋានចំនួន ១២ ក្នុងចំណោមអាកាសយានដ្ឋានធំៗទាំង ៤០ របស់ប្រទេស។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារដដែលនេះ ក៏បានបញ្ជាឲ្យធ្វើការកាត់បន្ថយចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្មចំនួន ១០% នៅទូទាំងប្រទេសផងដែរ ដើម្បីធានានូវសុវត្ថិភាព ដោយសារតែកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ក្នុងអំឡុងពេលរដ្ឋាភិបាលបានបិទដំណើរការអស់រយៈពេលវែងបំផុត។
មិនតែប៉ុណ្ណោះ យោងតាមសមាគមអាកាសចរណ៍ពាណិជ្ជកម្មជាតិ (NBAA) បានបង្ហាញឲ្យដឹងទៀតថា ការរឹតបន្តឹងនេះ ក៏អនុវត្តចំពោះយន្តហោះឯកជននៅអាកាសយានដ្ឋានសំខាន់ៗនៅ Atlanta, Chicago, Dallas, Denver, New York, Los Angeles និង Washington, DC ផងដែរ។ យន្តហោះឯកជន គឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ដែលត្រូវបានប្រើប្រាស់ដោយមហាសេដ្ឋីអាមេរិកជាច្រើន។
ជម្រាបជូនថា អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរាប់ពាន់នាក់នៅទូទាំងសហរដ្ឋអាមេរិកបានធ្វើការដោយគ្មានប្រាក់ឈ្នួលអស់រយៈពេលជាងមួយខែមកហើយ ខណៈដែលរដ្ឋាភិបាលបានបន្តបិទទ្វារ។ ជុំវិញមូលហេតុនេះហើយ បានធ្វើឲ្យបុគ្គលិកមួយចំនួនធំឈប់សម្រាក និងធ្វើឲ្យមានកង្វះខាតយ៉ាងខ្លាំង ចំពោះក្រុមការងារនៅក្នុងវិស័យនេះ៕

