នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន លោកស្រី Sanae Takaichi កំពុងធ្វើឲ្យពលរដ្ឋជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើសុខភាពរបស់លោកស្រី ដោយសារតែភាពស្វាហាប់ក្នុងការបំពេញការងារ ព្រោះពេលខ្លះលោកស្រីចាប់ផ្តើមចូលធ្វើការ តាំងពីម៉ោង ៣ព្រឹក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រីី Takaichi ក្នុងអំឡុងពេលធ្វើយុទ្ធនាការស្វែងរកសំឡេងឆ្នោត លោកស្រីធ្លាប់បានសន្យាថានឹងប្រឹកប្រែងធ្វើការងារខ្លាំងបំផុត ហើយបានរក្សាការសន្យានោះពិតមែន ពោលគឺចាប់តាំងពីចូលកាន់តំណែង នៅថ្ងៃទី២១ ខែតុលាមក។ ទោះជាយ៉ាងណាក៏ដោយ បន្ទុកការងារដ៏ច្រើន និងកម្រិតការងារខ្ពស់របស់លោកស្រី បានធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើសុខភាពរបស់លោកស្រី។
គួរឲ្យដឹងថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោកស្រី Takaichi បានមកដល់ការិយាល័យនៅម៉ោង ៣ព្រឹក ដើម្បីរៀបចំសម្រាប់វគ្គសំណួរ និងចម្លើយសភាលើកដំបូង ដែលត្រូវចាប់ផ្តើមនៅម៉ោង ៩ព្រឹក។ ហើយសូម្បីតែសម្រាប់ជនជាតិជប៉ុនដែលញៀនការងារក៏ដោយ ការក្រោកពីព្រលឹមរបស់លោកស្រី Takaichi គឺជារឿងគួរឱ្យភ្ញាក់ផ្អើល។
ជម្រាបជូនថា យោងតាមកាសែត Asahi Shimbun ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការថវិកាសភានៅថ្ងៃនោះ អ្នកតាក់តែងច្បាប់មួយចំនួនបានសម្តែងការព្រួយបារម្ភអំពីនាយករដ្ឋមន្ត្រីថ្មី ដែលត្រូវចាប់ផ្តើមធ្វើការមុនពេលថ្ងៃរះបែបនេះ៕

