និយតករប្រព័ន្ធផ្សព្វផ្សាយអៀរឡង់ បើកការស៊ើបអង្កេតលើបណ្តាញសង្គម X របស់ Elon Musk

អន្តរជាតិ

និយតករប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអៀរឡង់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានចាប់ផ្តើមបើកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ឋី Elon Musk ជុំវិញការបំពានច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការវិធានការនេះ ត្រូវបានធ្វើឡើង ចំពេលមានការព្រួយបារម្ភថាបណ្តាញសង្គម X មិនផ្តល់ឱកាសដល់អ្នកប្រើប្រាស់ អាចធ្វើការប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចចំពោះការត្រួតពិនិត្យលើខ្លឹមសារ និងការដោះស្រាយពាក្យបណ្តឹងផ្ទៃក្នុងជាដើម។

គួរឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនសុទ្ធសឹងតែមានទីស្នាក់កណ្តាលក្នុងតំបន់អឺរ៉ុប នៅក្នុងប្រទេសអៀរឡង់។ ហើយប្រសិនបើអ្នកផ្តល់សេវាកម្មទាំងនោះ ត្រូវបានរកឃើញថាបានរំលោភទៅលើច្បាប់ DSA នោះ និយតករអៀរឡង់ អាចពិន័យរហូតដល់ ៦% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនទាំងនោះ។

ជម្រាបជូនថា កន្លងមកសហភាពអឺរ៉ុបបានបង្ក្រាបក្រុមហ៊ុនបច្ចេកវិទ្យាធំៗដោយប្រើច្បាប់ DSA នេះ ដែលទាមទារឲ្យវេទិកាធំៗដូចជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម និងម៉ាស៊ីនស្វែងរក មានវិធានការរឹងមាំដើម្បីកាត់បន្ថយការរីករាលដាលនៃខ្លឹមសារខុសច្បាប់ និងបង្កគ្រោះថ្នាក់៕