យោងតាមរដ្ឋមន្ត្រីក្រសូួងព័ត៌មានឥណ្ឌា លោក Ashwini Vaishnaw បានឲ្យដឹងកាលពីថ្ងៃទី១២ ខែវិច្ឆិកាថា គណៈរដ្ឋមន្ត្រីឥណ្ឌា បានអនុម័តលើកញ្ចប់ចំណាយចំនួន ៤៥០,៦ពាន់លានរូពី (៥,១ពាន់លានដុល្លារ) លើការគាំទ្រដល់ក្រុមហ៊ុននាំចេញ រួមបញ្ចូលទាំងទឹកប្រាក់ចំនួន ២០០ពាន់លានរូពី សម្រាប់ធានាលើប្រាក់កម្ចីធនាគារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញផែនការនេះ រដ្ឋាភិបាលនឹងបែងចែកថវិកាចំនួន ២៥០,៦ពាន់លានរូពី ក្នុងរយៈពេល ៦ឆ្នាំ សម្រាប់ហិរញ្ញប្បទានពាណិជ្ជកម្មដែលមានតម្លៃសមរម្យ សម្រាប់ក្រុមហ៊ុននាំចេញខ្នាតតូច ភស្តុភា និងការគាំទ្រទីផ្សារដែលស្ថិតនៅក្រោមកញ្ចប់ជំនួយនៃការលើកកម្ពស់ដល់ការនាំចេញ ដើម្បីជួយទូទាត់ផលប៉ះពាល់ ដែលបណ្តាលមកពីការដំឡើងពន្ធគយដ៏ខ្ពស់របស់សហរដ្ឋអាមេរិក។
មិនតែប៉ុណ្ណោះ លោក Ashwini ក៏បានបន្ថែមឲ្យដឹងទៀតថា ផែនការនេះផងដែរ ក៏រួមបញ្ចូលទាំងកម្មវិធីធានាឥណទានចំនួន ២០០ពាន់លានរូពី ដែលដំណើរការរហូតដល់ឆ្នាំ២០២៦ សម្រាប់ប្រាក់កម្ចីធនាគារដែលគ្មានទ្រព្យបញ្ចាំ ដល់ក្រុមហ៊ុននាំចេញ ដើម្បីជំរុញដោយការប្រកួតប្រជែងរបស់ពួកគេ និងជួយស្វែងរកទីផ្សារថ្មី។
ជម្រាបជូនផងដែរថា បច្ចប្បន្ន ឥណ្ឌាកំពុងទទួលរងពន្ធគយអាមេរិកដល់ទៅ ៥០% ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការនាំចេញលើទំនិញសំខាន់ៗដូចជាសម្លៀកបំពាក់ គ្រឿងអលង្ការ ទំនិញស្បែក និងសារធាតុគីមីជាដើម៕

