ក្រសួងផ្លាស់ប្តូរថាមពល និងទឹករបស់ប្រទេសម៉ាឡេស៊ី (PETRA) ថ្មីៗនេះ បាននិយាយថាប្រទេសរបស់ខ្លួន បានខាតបង់ទឹកប្រាក់អស់ប្រមាណជាង ១,១ពាន់លានដុល្លារ ដោយសារតែការជីកយកកាក់គ្រីបតូ (Crypto Mining) ខុសច្បាប់ គិតចាប់តាំងពីឆ្នាំ២០២០ មក។ នេះបើតាមការចុហផ្សាយពីសារព័ត៌មាន VNA ។

នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់សភា PETRA បាននិយាយទៀតថា ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋរបស់ប្រទេសម៉ាឡេស៊ី Tenaga Nasional Berhad (TNB) បានរកឃើញគ្រឹះស្ថានចំនួន ១៣ ៤២៧ ដែលសង្ស័យថាជាកន្លែងជីកយកកាក់គ្រីបតូខុសច្បាប់ នៅក្នុងប្រទេស។
គួរឲ្យដឹងថា នៅក្នុងប្រទេសម៉ាឡេស៊ី ការជីកយកកាក់គ្រីបតូមិនត្រូវបានចាត់ទុកថាខុសច្បាប់ទេ ប៉ុន្តែគ្រឹះស្ថានទាំងនោះ ត្រូវតែអនុវត្តតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល រួមទាំងការចុះឈ្មោះ ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងការគ្រប់គ្រងប្រសិទ្ធភាពថាមពល ជាដើម។
ជម្រាបជូនផងដែរថា កន្លងមក TNB បានបង្កើតមូលដ្ឋានទិន្នន័យព័ត៌មានអំពីម្ចាស់ និងអ្នកជួលដែលសង្ស័យថាលួចប្រើប្រាស់អគ្គិសនីចំនួនដ៏ច្រើនលើសលប់ដើម្បីដំណើរការកសិដ្ឋានជីកយកកាក់គ្រីបតូទាំងនេះ ហើយកំពុងធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ដើម្បីទប់ស្កាត់ប្រតិបត្តិការជីកយកខុសច្បាប់ ផងដែរ៕

