ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថា បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ឲ្យចៀសវាងការបង្កើនជម្លោះជាមួយចិន ទៅលើបញ្ហាកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមប្រភពដែលបានដឹងពីបញ្ហានេះ បានបង្ហើបប្រាប់ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២៥ ខែវិច្ឆិកា លោក ត្រាំ បានបង្ហាញបំណងប្រាថ្នារបស់លោកប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi ឲ្យចៀសវាងការបញ្ឆេះកំហឹងណាមួយដែលធ្វើឲ្យប្រទេសចិន កាន់តែខឹងសម្បារបន្ថែមទៀត។
មិនតែប៉ុណ្ណោះ បើតាមកាសែត Wall Street Journal ក៏បានបន្ថែមឲ្យដឹងទៀតថា លោក ត្រាំ មិនឲ្យភាពតានតឹងលើបញ្ហាកោះតៃវ៉ាន់ ធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងដែលសម្រេចបានកាលពីខែមុន ជាមួយលោក ស៊ី ជិនពីង ដែលក្នុងនោះចិនបានសន្យាថានឹងទិញផលិតផលកសិកម្មអាមេរិកបន្ថែមទៀត ដែលជាឧស្សាហកម្មមួយរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរកន្លងមក។
គួរឲ្យដឹងថា ប្រទេសចិន និងជប៉ុនកំពុងស្ថិតក្នុងវិបត្តិការទូតដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Takaichi បាននិយាយថា ទីក្រុងតូក្យូអាចដាក់ពង្រាយកងកម្លាំងការពារខ្លួនរបស់ខ្លួន ក្នុងករណីមានការវាយប្រហារលើកោះតៃវ៉ាន់ ប្រសិនបើជម្លោះនេះបានបង្កការគំរាមកំហែងដល់ប្រទេសជប៉ុន។
ក្រោយមល ប្រទេសចិនបានឆ្លើយតបវិញ ដោយទាមទារឲ្យលោកស្រី Takaichi ដកការកត់សម្គាល់នោះចេញ ជាមួយនឹងការហាមឃាត់ការនាំចូលអាហារសមុទ្រ បញ្ឈប់ការចេញផ្សាយខ្សែភាពយន្តជប៉ុន និងព្រមានពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសនេះ ផងដែរ៕

