អតីតស្ត្រីទីមួយរបស់កូរ៉េខាងត្បូង ប្រឈមមុខទៅនឹងការជាប់ពន្ធនាគារដល់ ១៥ឆ្នាំ

អន្តរជាតិ

ព្រះរាជអាជ្ញាកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ កំពុងស្វែងរកការកាត់ទោសអតីតជំទាវទីមួយរបស់ប្រទេស គឺលោកស្រី Kim Keon-hee ឲ្យជាប់ពន្ធនាគារសរុបចំនួន ១៥ឆ្នាំ ពីបទសូកប៉ាន់ និងបទចោទប្រកាន់ផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ ព្រះរាជអាជ្ញាបានធ្វើអំណេះអំណាងបិទបញ្ចប់លើការចោទប្រកាន់របស់ពួកគេប្រឆាំងទៅនឹងលោកស្រី Kim ដែលត្រូវបានជាប់ចោទពីបទរកប្រាក់ចំណេញជិត ៥៥០ ០០០ដុល្លារ នៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១១ ដោយចូលរួមក្នុងគម្រោងរៀបចំភាគហ៊ុនដែលធ្វើឡើងដោយក្រុមឧក្រិដ្ឋជន ផងដែរ។

មិនតែប៉ុណ្ណោះ ព្រះរាជអាជ្ញាក៏បាននិយាយផងដែរថា លោកស្រី Kim បានទទួលកាបូប Channel ចំនួនពីរ ខ្សែកពេជ្រ និងយិនស៊ិនកូរ៉េ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៥៥ ០០០ដុល្លារ ពីព្រះវិហារ Unification ។

បន្ថែមពីលើការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ព្រះរាជអាជ្ញាក៏បានស្នើសុំឱ្យលោកស្រី Kim បង់ប្រាក់ពិន័យប្រហែល ១,៣៦លានដុល្លារ និងពិន័យបន្ថែមជាង ៦៤០ ០០០ដុល្លារ ដើម្បីទូទាត់សងសម្រាប់ប្រាក់ចំណេញខុសច្បាប់។

ជុំវិញការចោទប្រកាន់នេះ អតីតស្ត្រីទីមួយនៃប្រទេសកូរ៉េខាងត្បូង បានសុំទោសដល់សាធារណជនចំពោះភាពចលាចលដែលលោកស្រីបានបង្កឡើង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី បានបដិសេធថាមិនបានប្រព្រឹត្តខុសអ្វីឡើយ ខណៈមេធាវីរបស់លោកស្រី កំពុងព្យាយាមដោះស្រាយរឿងក្តីនេះ។

ជម្រាបជូនផងដែរថា ស្វាមីរបស់លោកស្រី គឺអតីតប្រធានាធិបតី លោក Yoon Suk-yeol ក៏កំពុងត្រូវបានកាត់ទោសពីបទញុះញង់ឱ្យមានការបះបោរនៅពេលដែលលោកបានប្រកាសច្បាប់អាជ្ញាសឹកកាលពីមួយឆ្នាំមុន ដែលធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរ។ ការចោទប្រកាន់នេះអាចធ្វើឲ្យលោក Yoon ជាប់ពន្ធនាគារអស់មួយជីវិត ឬសូម្បីតែអាចឈានដល់ការការត់ទោសប្រហារជីវិតទៀតផង៕​