មហាសេដ្ឋី Elon Musk សោកស្តាយ ក្រោយបោះចោលអាជីវកម្ម ទៅចូលរួមជាមួយ DOGE

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បាននិយាយថា ប្រសិនបើត្រូវបានផ្តល់ឱកាសឲ្យជ្រើសរើសម្តងទៀត លោកនឹងមិនចូលរួមជាមួយក្រុមប្រឹក្សាប្រសិទ្ធភាពរដ្ឋាភិបាល ឬហៅកាត់ថា DOGE នោះឡើយ ប៉ុន្តែលោកនឹងផ្តោតទៅលើការដំណើរការនៃក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោកជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកលើកឡើងរបស់លោកស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX រូបនេះ ត្រូវបានធ្វើឡើង​ អំឡុងពេលផ្តល់បទសម្ភាសមួយនៅលើផតខាសរបស់លោកស្រី Katie Miller កាលពីថ្ងៃទី៩ ខែធ្នូកន្លងទៅ។ លោកស្រី Miller គឺជាអតីតអ្នកនាំពាក្យរបស់ DOGE និងជាភរិយារបស់លោក Stephen Miller ដែលជាអនុប្រធានបុគ្គលិករបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

យ៉ាងណាមិញ​ ក្នុងបទសម្ភាសនោះ លោក Musk បាននិយាយថា​៖”​ ខ្ញូំគិតថា ជំនួសឲ្យការចូលរួមជាមួយនាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE ខ្ញុំគួរតែទៅធ្វើការងារនៅក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ខ្ញុំជំនួសវិញ។ ពួកគេប្រហែលមិនដុតបំផ្លាញរថយន្តទាំងនោះទេ”។ លោក Musk និយាយបែបនេះ គឺសំដៅលើការដុតបំផ្លាញរថយន្ត Tesla ក្នុងអំឡុងពេលដែលលោកកំពុងដឹកនាំ DOGE។

មហាសេដ្ឋីកំពូលអាមេរិករូបនេះ បានអះអាងទៀតថា ប្រសិនបើត្រូវបានផ្តល់ជម្រើសម្តងទៀត លោកនឹងមិនចូលរួមជាមួយ DOGE ទេ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ផងដែរថា DOGE ទទួលបានជោគជ័យក្នុងកម្រិតខ្លះក្នុងការបញ្ឈប់ការផ្តល់មូលនិធិសម្រាប់គម្រោងខ្ជះខ្ជាយ និងគ្មានន័យជាច្រើន។

ជម្រាបជូនថា DOGE ត្រូវបានបង្កើតឡើងនៅក្នុងខែមករា បន្ទាប់ពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ដោយមានគោលបំណងធ្វើឱ្យរដ្ឋាភិបាលមានភាពប្រសើរឡើង និងកាត់បន្ថយការចំណាយរបស់សហព័ន្ធ។ ដំបូងឡើយ DOGE ត្រូវបានដឹកនាំដោយលោក Musk ដែលកាន់តំណែងជាបុគ្គលិករដ្ឋាភិបាលពិសេស៕​