ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) បានកាត់បន្ថយអត្រាការប្រាក់ ០,២៥% កាលពីថ្ងៃពុធ ទី១០ ខែធ្នូ ដែលនេះជាការកាត់បន្ថយលើកទីបីជាប់ៗគ្នាហើយ នៅឆ្នាំនេះ ប៉ុន្តែបានបង្ហាញថាការកាត់បន្ថយបន្ថែមទៀតនាពេលខាងមុខ អាចនឹងត្រូវពន្យារពេល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមលោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក បាននិយាយថា Fed មានជំហរល្អក្នុងការរង់ចាំមើលបន្ថែមទៀតថាតើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងវិវត្តទៅយ៉ាងដូចម្តេច មុនមានការកាត់បន្ថយបន្ថែមទៀត។
លោក Powell បានសង្កត់ធ្ងន់ទៀតថា មន្ត្រីរបស់ Fed ស្ថិតក្នុងជំហរល្អក្នុងការកំណត់ វិសាលភាព និងពេលវេលានៃការកែតម្រូវបន្ថែមដោយផ្អែកលើទិន្នន័យចូល ទស្សនវិស័យវិវត្ត និងតុល្យភាពនៃហានិភ័យ។
គួរឲ្យដឹងថា ការកាត់បន្ថយ ០,២៥% នេះ មានន័យថាអត្រាការប្រាក់គោលរបស់ Fed ធ្លាក់មកនៅចន្លោះពី ៣,៥០-៣,៧៥% ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលប្រហែលបីឆ្នាំចុងក្រោយ ដែលជាចលនាមួយស្របនឹងការរំពឹងទុករបស់ទីផ្សារ។
ជម្រាបជូនថា ធនាគារកណ្តាលសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីការកាត់បន្ថយអត្រាការប្រាក់មួយផ្សេងទៀតនៅឆ្នាំក្រោយ ហើយបានបង្ហាញពីហានិភ័យខ្ពស់ចំពោះការងារ នៅមុនពេលមានសម្រេចចិត្តក្នុងការទម្លាក់អត្រាការប្រាក់នេះ៕

