ប្រធានក្រុមហ៊ុនខ្នាតយក្ស Vingroup និងជាអ្នកមានដាច់គេរបស់ប្រទេសវៀតណាម លោក Pham Nhat Vuong ឥឡុវនេះ បានបន្តក្តាប់តំណែងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែការកើនឡើងនៃភាគហ៊ុនក្រុមហ៊ុនរបស់លោក នៅឆ្នាំនេះ។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា បុរសវ័យ ៥៧ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបចំនួន ២៦,៥ពាន់លានដុល្លារ ពោលគឺបានកើនឡើងដល់ទៅបួនដង គិតចាប់តាំងពីដើមឆ្នាំនេះមក។
លោក Vuong ដែលជាប់ចំណាត់ថ្នាក់ទី៨៥ ជាអ្នកមានបំផុតនៅទូទាំងពិភពលោក គឺជាជនជាតិវៀតណាមដំបូងគេដែលស្ថិតក្នុងចំណោមអ្នកមានបំផុតទាំង១០០ នាក់របស់ពិភពលោក។
គួរឲ្យដឹងថា លោក Vuong ទទួលបានអត្ថប្រយោជន៍ពីការកើនឡើងប្រាំពីរដងនៃតម្លៃភាគហ៊ុន Vingroup ចាប់តាំងពីដើមឆ្នាំនេះ ដែលជំរុញដោយការពង្រីកក្រុមហ៊ុនផលិតរថយន្ត VinFast របស់ខ្លួននៅក្នុងទីផ្សារថ្មីៗដូចជាប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ក៏ដូចជាការបណ្តាក់ទុនរបស់លោក ទៅក្នុងឧស្សាហកម្មថ្មីៗដូចជាផ្លូវដែក ដែកថែប និងអាកាសចរណ៍ ជាដើម។
ជម្រាបជូនផងដែរថា នៅអាស៊ីអាគ្នេយ៍ លោក Prajogo Pangestu ដែលជាមហាសេដ្ឋីថាមពលឥណ្ឌូណេស៊ី ជាប់នៅចំណាត់ថ្នាក់កំពូលគេ ជាមួយទ្រព្យសម្បត្តិសរុបជាង ៤១ពាន់លានដុល្លារ៕

