សហរដ្ឋអាមេរិក ត្រូវបានគេរេាយការណ៍ថា បានសម្រេចផ្អាកកិច្ចព្រមព្រៀងបច្ចេកវិទ្យាតម្លៃប្រមាណជាង ៤០ពាន់លានដុល្លារ ដែលខ្លួនបានធ្វើជាមួយចក្រភពអង់គ្លេស កាលពីពេលប៉ុន្មានខែកន្លងទៅ ខណៈពេលដែលកិច្ចព្រមព្រៀងនេះ មានបំណងជំរុញទំនាក់ទំនងក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) , កុំព្យូទ័រ Quantum និងថាមពលនុយក្លេអ៊ែរស៊ីវិល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមមន្ត្រីអង់គ្លេសម្នាក់ដែលបានដឹងពីបញ្ហានេះ បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី១៥ ខែធ្នូថា សហរដ្ឋអាមេរិក បានផ្អាកកិច្ចព្រមព្រៀងនេះវិញ ដោយសារតែរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងជំរុញឲ្យមានសម្បទានរបស់អង់គ្លេស នៅក្នុងវិស័យពាណិជ្ជកម្មផ្សេង ក្រៅពីភាពជាដៃគូបច្ចេកវិទ្យា។
មិនតែប៉ុណ្ណោះ មន្ត្រីអាមេរិក ក៏បានបង្ហាញពីការខកចិត្តខ្លាំង ចំពោះការខ្វះឆន្ទៈរបស់ចក្រភពអង់គ្លេស ក្នុងការដោះស្រាយអ្វីដែលហៅថារបាំងមិនមែនពន្ធគយ រួមទាំងច្បាប់ និងបទប្បញ្ញតិដែលគ្រប់គ្រងទំនិញម្ហូបអាហារ និងឧស្សាហកម្ម ផងដែរ។
គួរឲ្យដឹងផងដែរថា កន្លងមកប្រទេសទាំងពីរបានយល់ព្រមលើ កិច្ចព្រមព្រៀងមួយ ដែលត្រូវបានឲ្យឈ្មោះថា “Tech Prosperity Deal” ក្នុងគោលបំណងជំរុញលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការគណនាកង់ទិច និងថាមពលនុយក្លេអ៊ែរស៊ីវិល ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ចក្រភពអង់គ្លេសកាលពីខែកញ្ញា។
ជម្រាបជូនថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចក្រភពអង់គ្លេស ហើយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លាររួចហើយ នៅក្នុងប្រតិបត្តិការរបស់ពួកគេនៅចក្រភពអង់គ្លេស៕

