លោក ត្រាំ បន្ថែមប្រទេសចំនួន ៧ ទៀត​ ទៅក្នុងបញ្ជីហាមឃាត់ធ្វើដំណើរចូលទឹកដីអាមេរិក

អន្តរជាតិ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានពង្រីកការហាមឃាត់ការធ្វើដំណើរចំពោះពលរដ្ឋមកពីប្រទេសចំនួន ៧ បន្ថែមទៀត ដោយលើកឡើងពីតម្រូវការក្នុងការទប់ស្កាត់ការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការប្រកាសរបស់សេតវិមាន កាលពីថ្ងៃទី១៦ ខែធ្នូ បានបង្ហាញឲ្យដឹងថា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីពង្រីក និងពង្រឹងការរឹតបន្តិលើការធ្វើដំណើរចូលរបស់ពលរដ្ឋមកពីប្រទេសដែលមានចំណុចខ្វះខាតធ្ងន់ធ្ងរ ដើម្បីការពារអាមេរិកពីការគំរាមកំហែងដល់សន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។

បើតាមការប្រកាសនេះ បានបង្ហាញឲ្យដឹងផងដែរថាទៀត ប្រទេសដែលស្ថិតនៅក្នុងបញ្ជីហាមឃាត់ចុងក្រោយនេះ រួមមាន Burkina Faso, Mali, Niger, South Sudan, Syria និងពលរដ្ឋដែលកាន់ឯកសារធ្វើដំណើរ ចេញដោយអាជ្ញាធរប៉ាឡេស្ទីនផងដែរ។ មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះ ក៏ដាក់ការហាមឃាត់ទាំងស្រុងលើពលរដ្ឋមកពីប្រទេសឡាវ និង Sierra Leone ដែលធ្លាប់ជាប្រទេសត្រូវបានរឹតបន្តឹងដោយផ្នែកប៉ុណ្ណោះ កាលពីមុន។

យ៉ាងណាមិញ យោងតាមសេតវិមាន បានប្រកាសថា ការហាមឃាត់ដែលបានពង្រីកនេះ នឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។

ជម្រាបជូនថា ចាប់តាំងពីបានវិលត្រឡប់មកសេតវិមានវិញ លោក ត្រាំ បានផ្តល់អាទិភាពយ៉ាងខ្លាំងដល់ការរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយដាក់ពង្រាយភ្នាក់ងារសហព័ន្ធទៅកាន់ទីក្រុងធំៗរបស់អាមេរិក និងបដិសេធមិនទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោននៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក៕​