ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon ថ្មីៗនេះត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីបោះទុនវិនិយោគលើ OpenAI ដែលជាអ្នកអភិវឌ្ឍកម្មវិធី ChatGPT នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃដល់រាប់សិបពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញកិច្ចព្រមព្រៀងដែលអាចកើតឡើងនេះ ត្រូវបានធ្វើឡើងនៅចំពេលដែល OpenAI កំពុងរៀបចំក្នុងការបោះផ្សាយលក់ IPO ដែលត្រូវបានគេរំពឹងទុកថានឹងអាចផ្តល់តម្លៃមូលធនទីផ្សារដល់ក្រុមហ៊ុននេះ រហូតដល់ ១ទ្រីលានដុល្លារ។
យ៉ាងណាមិញ បើតាមប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះមួយ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Amazon អាចនឹងវិនយោគទឹកប្រាក់ប្រហែល ១០ពាន់លានដុល្លារ ទៅក្នុង OpenAI ស្របពេលការចរចារវាងក្រុមហ៊ុនទាំងពីរ កំពុងមានភាពរលូនខ្លាំង។
ជម្រាបជូនទៀតផងដែរថា កិច្ចព្រមព្រៀងដ៏ធំនេះ OpenAI ក៏មានគម្រោងប្រើប្រាស់បន្ទះឈីប Trainium របស់ Amazon ដែលជាបន្ទះឈីបកំពុងប្រកួតប្រជែងជាមួយបន្ទះឈីបជំនាន់ចុងក្រោយរបស់ Nvidia និង Google ផងដែរ៕

