ជប៉ុន ដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយៈពេល ៣០ឆ្នាំចុងក្រោយ

អន្តរជាតិ

ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ​ ទើបតែដំឡើងអត្រាការប្រាក់គោលរហូតដល់ ០,៧៥% ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន​ គិតចាប់តាំងពីឆ្នាំ១៩៩៥ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារកណ្តាលជប៉ុន (BOJ) នៅថ្ងៃទី១៩ ខែធ្នូ បានដំឡើងអត្រាការប្រាក់ចំនួន ២៥ពិន្ទុ ឬ ០,២៥% ដែលធ្វើឲ្យអត្រាការប្រាក់គោលកើនឡើងដល់ ០,៧៥% ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។

មិនតែប៉ុណ្ណោះ BOJ បាននិយាយថាបើទោះបីជាការដំឡើងអត្រាការប្រាក់បន្ថែមទៀតក៏ដោយ ប៉ុន្តែវានៅតែមានកម្រិតទាបជាងអត្រាការប្រាក់របស់បណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃអត្រាការប្រាក់នេះ នឹងដាក់សម្ពាធបន្ថែមទៀតលើសេដ្ឋកិច្ចជប៉ុន។ តួលេខដែលបានកែសម្រួលបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ បានធ្លាក់ចុះ ២,៣% នៅក្នុងត្រីមាសទីបី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន BOJ បាននិយាយថា ទោះបីជាមានសញ្ញានៃភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ចក៏ដោយ ប្រាក់ចំណេញសាជីវកម្មត្រូវបានគេរំពឹងថានឹងនៅតែខ្ពស់ ហើយក្រុមហ៊ុនក្នុងស្រុកត្រូវបានគេរំពឹងថានឹងបន្តដំឡើងប្រាក់ឈ្នួល នៅឆ្នាំ២០២៦។

ជម្រាបជូនថា ការដំឡើងអត្រាការប្រាក់នេះ បានកើតឡើងចំពេលមានការកើនឡើងនៃទិន្នផលលើមូលបត្ររដ្ឋាភិបាលជប៉ុន ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលច្រើនទសវត្ស ដែលកំពុងបង្កើនហានិភ័យនៃការចំណាយលើការខ្ចីប្រាក់ខ្ពស់ និងបន្ថែមសម្ពាធថវិកាបន្ថែមទៀត៕​