តម្លៃមាសអន្តរជាតិ បានកើនឡើងលើសពី ៤ ៤០០ដុល្លារ នៅក្នុងមួយអោនជាលើកដំបូង ដែលត្រូវបានជំរុញដោយការរំពឹងទុកខ្ពស់ចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងការកើនឡើងនៃតម្រូវការទ្រព្យសកម្មដែលមានសុវត្ថិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទីផ្សារមាសអន្តរជាតិបានកើនឡើងយ៉ាងខ្លាំង នៅក្នុងការជួញដូរដំបូងនៅសប្តាហ៍នេះ ដោយតម្លៃរបស់វាបានហក់ឡើងដល់ជិត ៨០ដុល្លារក្នុងមួយអោន បន្ទាប់ពីការបើកការជួញដូរ ដោយធ្វើឲ្យតម្លៃសរុបឡើងដល់ ៤ ៤៤១ដុល្លារ។
គួរឲ្យងផងដែរថា គិតចាប់តាំងពីដើមឆ្នាំនេះមក តម្លៃមាស បានកើនឡើង ៦៧% ដោយបំបែកកំណត់ត្រាហក់បំផុតម្តងហើយម្តងទៀត ខណៈបច្ចុប្បន្នកំពុងឆ្ពោះទៅការកើនឡើងតម្លៃប្រចាំឆ្នាំខ្លាំងបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩៧៩ មក។
យ៉ាងណាមិញ ជុំវិញការហក់ឡើងតម្លៃខ្ពស់នេះ ត្រូវបានក្រុមអ្នកវិនិយោគ រំពឹងទុកថា ធនាគារកណ្តាលអាមេរិក បឹងបន្តកាត់បន្ថយអត្រាការប្រាក់ពីរដងទៀត នៅឆ្នាំ២០២៦ ខាងមុខ។
លើសពីនេះ តម្រូវការសម្រាប់ទ្រព្យសកម្មសុវត្ថិភាពកំពុងកើនឡើង ខណៈដែលភាពតានតឹងផ្នែកនយោបាយ និងពាណិជ្ជកម្មសកលកើនឡើង។ ប្រាក់ដុល្លារចុះខ្សោយក៏ធ្វើឱ្យមាសមានតម្លៃថោកជាង សម្រាប់អ្នកទិញនៅខាងក្រៅសហរដ្ឋអាមេរិក ផងដែរ៕

