ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់ប្រទេសចិន Air China ត្រូវបានគេរាយការណ៍ថា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Airbus ដើម្បីបញ្ជាទិញយន្តហោះ A320NEO ចំនួន ៦០ គ្រឿង នៅក្នុងកិច្ចសន្យាដែលមានតម្លៃប្រហែល ៩,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើយងតាមឯកសារមួយរបស់ក្រុមហ៊ុន Air China ដែលបានដាក់ជូនទៅកាន់ទីផ្សារហ៊ុនសៀងហៃ បានបង្ហាញឲ្យដឹងថា យន្តហោះ Airbus ដែលនឹងត្រូវដឹកជញ្ជូនមកនោះ នឹងចាប់ផ្តើមពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៣២។
យ៉ាងណាមិញ បើតាមលោក Li Hanming អ្នកវិភាគអាកាសចរណ៍ឯករាជ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ការទិញនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ ២០២២ ដែលបានធ្វើឡើងរវាងក្រុមហ៊ុន China Aviation Supplies Holding Company (CASC) ដែលជាបុត្រសម្ព័នរបស់ Air China និងក្រុមហ៊ុន Airbus។
កិច្ចព្រមព្រៀងនោះគ្របដណ្តប់លើយន្តហោះ Airbus A320 ចំនួន ១៣២ គ្រឿង និងយន្តហោះ A350 តួខ្លួនធំទូលាយចំនួន ៨ គ្រឿង ដែលមានតម្លៃសរុបប្រហែល ១៧ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា ដោយសារតែភាពតានតឹងយូរអង្វែងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានរារាំងសមត្ថភាពរបស់ក្រុមហ៊ុន Boeing ក្នុងការធានាការបញ្ជាទិញថ្មីនៅក្នុងប្រទេសចិន ដែលផ្តល់ឱ្យក្រុមហ៊ុន Airbus នូវគុណសម្បត្តិទាំងនេះជំនួសវិញ៕

