វេណេស៊ុយអេឡា ធ្លាប់ដឹកជញ្ជូនមាសជាង ១០០ តោន ទៅកាន់ប្រទេសស្វីស

អន្តរជាតិ

យោងតាមទិន្នន័យគយដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា នៅចន្លោះឆ្នាំ២០១៣ ដល់ ២០១៦ ប្រទេសវេណេស៊ុយអេឡា ធ្លាប់បានដឹកនាជញ្ជូនមាសចំនួន ១១៣ តោន ទៅកាន់ប្រទេសស្វីស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមស្ថានីយ៍វិទ្យុស្វីស SRF បានបង្ហាញឲ្យដឹងថា មាសទាំងនោះត្រូវបានដឹកជញ្ជូនចេញពីធនាគារកណ្តាលនៃប្រទេសវេណេស៊ុយអេឡា នៅពេលរដ្ឋាភិបាលចង់លក់វាចេញដើម្បីគាំទ្រដល់សេដ្ឋកិច្ច។ ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា មាសទាំងនោះត្រូវបានបញ្ជូនទៅកាន់ប្រទេសស្វីសសម្រាក់ការចម្រាញ់ និងធ្វើវិញ្ញាបនបត្រ។

គួរឲ្យដឹងផងដែរថា ប្រទេសស្វីសបច្ចុប្បន្នគឺជាមជ្ឈមណ្ឌលចម្រាញ់មាសធំជាងគេបំផុតមួយរបស់ពិភពលោក ដែលមានរោងចក្រកែច្នៃសរុបចំនួន៥ ។

យ៉ាងណាមិញចំពោះមាសដែលត្រូវបានដឹកជញ្ជូនទៅនោះ មានតម្លៃប្រមាណជិត ៤,១៤ពាន់លានហ្វ្រង់ស្វីស (៥,២ពាន់លានដុល្លារ) ខណៈការដឹកជញ្ជូនត្រូវបានកើតឡើងក្នុងអំឡុងដើមអាណត្តិរបស់ប្រធានាធិបតីលោក Nicolas Maduro។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ធនាគារកណ្តាលនៃប្រទេសវេណេស៊ុយអេឡាបានលក់ទុនបម្រុងមាសរបស់ខ្លួនដើម្បីគាំទ្រសេដ្ឋកិច្ច និងធានាបាននូវរូបិយប័ណ្ណបរទេសដ៏រឹងមាំ ដោយសារតែរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ជម្រាបជូនផងដែរថា គិតចាប់តាំងពីឆ្នាំ២០១៧ មក កំណត់ត្រាគយមិនបានកត់ត្រាចំពោះការនាំចេញមាសពីប្រទេសវេណេស៊ុយអេឡាទៅកាន់ប្រទេសស្វីសទៀតទេ បន្ទាប់ពីការដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប (EU)។ តែទោះជាយ៉ាងណាក៏ដោយ យោងតាមស្ថាប័ន O’Connell បានលើកឡើងថា ការធ្លាក់ចុះនៃការនាំចេញអាចគ្រាន់តែដោយសារតែធនាគារកណ្តាលនៃប្រទេសវេណេស៊ុយអេឡាអស់មាសសម្រាប់លក់ប៉ុណ្ណោះ៕​