ប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងអំពាវនាវឲ្យមានការបង្កើនថវិកាការពាររបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៧ ឲ្យដល់ចំនួនសរុប ១,៥ទ្រីលានដុល្លារ ពោលគឺលើសពីចំនួនព្យាករពីមុន ១ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមការប្រកាសមួយកាលពីថ្ងៃទី៧ ខែមករា លោក ត្រាំ បាននិយាយថា ៖” បន្ទាប់ពីមានការពិភាក្សាអស់ជាយូរ និងដ៏លំបាកជាមួយសមាជិកសភា រដ្ឋមន្ត្រី និងអ្នកនយោបាយមក ខ្ញុំបានសម្រេចចិត្តថា ដើម្បីជាផលប្រយោជន៍ល្អបំផុតរបស់ប្រទេស ថវិកាការពារជាតិឆ្នាំ២០២៧ នឹងមានចំនួន ១,៥ទ្រីលានដុល្លារ”។
ចំពោះចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាការកើនឡើងជាង ៥០% បើប្រៀបធៀបទៅនឹងថវិកាការពារជាតិចំនួន ៩០១ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២៦ ដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិកក្នុងខែធ្នូ ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ យោងតាមលោក ត្រាំ បានបង្ហាញឲ្យដឹងទៀតថា ថវិកានេះនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិក អាចកសាងកងទ័ពក្នុងក្តីស្រមៃរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខប្រឆាំងនឹងសត្រូវណាមួយ។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានសង្តក់ធ្ងន់ទៀតថា ចំនួនថវិកានេះអាចនឹងត្រូវបន្ថែម ៥០០ពាន់លានដុល្លារទៀត ដោយសារអាមេរិកទទួលបានចំណូលពន្ធដ៏ច្រើនពីប្រទេសដទៃ៕

