ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសដំឡើងពន្ធគយ ២៥% ទៅលើប្រទេសណាមួយដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ខណៈពេលដែលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កាន់តែកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងការប្រកាសមួយលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១២ ខែមករា លោក ត្រាំ បាននិយាយថា ៖”វានឹងមានប្រសិទ្ធភ្លាមៗចំពោះប្រទេសណាមួយដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដោយនឹងទទួលរងនូវពន្ធគយ ២៥% លើអាជីវកម្មទាំងអស់ ជាមួយសហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះគឺជាការសម្រេចចិត្តចុងក្រោយ នឹងមិនអាចត្រឡប់វិញបាន”។
យ៉ាងណាមិញ បើយោងតាមទិន្នន័យទទួលបានពីស្ថាប័នសេដ្ឋកិច្ច Trading Economics បាននិយាយថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អ៊ីរ៉ង់ គឺប្រទេសចិន តួកគី អារ៉ាប់រួម (UAE) និងអ៊ីរ៉ាក់។
គួរឲ្យដឹងផងដែរថា ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដែលទាក់ទងទៅនឹងរលកនៃការតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាលនៅក្នុងទីក្រុងរបស់ប្រទេសអ៊ីរ៉ង់ជាច្រើន។
ជម្រាបជូនផងដែរថា ប្រធានាធិបតីលោក ត្រាំ បានគំរាមកំហែងម្តងហើយម្តងទៀតដល់អ៊ីរ៉ង់ជាមួយនឹងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើអ្នកតវ៉ាបន្ថែមទៀត ត្រូវបានសម្លាប់ ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានបើកចំហរចំពោះជម្រើសនៃការប្រើសកម្មភាពយោធាប្រឆាំងទៅនឹងប្រទេសនេះ ផងដែរ៕

