លោក ត្រាំ ប្តឹងធនាគារធំជាងគេបំផុតរបស់អាមេរិក ទាមទារសំណងជំងឺចិត្ត ៥ពាន់លានដុល្លារ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងប្តឹងធនាគារ JPMorgan Chase​​ និងនាយកប្រតិបត្តិ លោក Jamie Dimon ទាមទារសំណងជំងឺចិត្តរហូតដល់ទៅ ៥ពាន់លានដុល្លារ ជុំវិញការបិទគណនីធនាគារជាច្រើមរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញបណ្តឹងចុងក្រោយនេះ ត្រូវបានដាក់ដោយលោក ត្រាំ ផ្ទាល់ ទៅកាន់តុលាការរដ្ឋ Florida កាលពីថ្ងៃទី២២ ខែមករា។ នៅក្នុងនោះ លោក ត្រាំ បានចោទប្រកាន់ធនាគារ JPMorgan ដែលជាធនាគារធំជាងគេបំផុតនៅសហរដ្ឋអាមេរិក ពីបទរំលោភលើគោលការណ៍ផ្ទាល់ខ្លួន ដោយបានបិទគណនីរបស់លោក ត្រាំ សម្រាប់គោលបំណងនយោបាយ។ ពាក់ព័ន្ធទៅនឹងការបិទគណនីនេះ បានកើតឡើងក្នុងអំឡុងពេលមានកុបកម្មនៅមុខវិមាន US Capitol ក្នុងខែមករា ឆ្នាំ២០២១។

នៅក្នុងបណ្តឹងដដែលនោះ លោក ត្រាំ បាននិយាយទៀតថា JPMorgan បានរំលោភលើគោលការណ៍ផ្ទាល់ខ្លួនដោយឯកតោភាគី ជាមួយនឹងការបិទគណនីដែលជាកម្មសិទ្ធិរបស់លោក និងអាជីវកម្មរបស់លោក។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានចោទប្រកាន់នាយកប្រតិបត្តិលោក Jamie Dimom ផងដែរ ពីបទដឹកនាំបង្កើតបញ្ជីខ្មៅ ដើម្បីព្រមានធនាគារផ្សេងទៀតកុំឲ្យធ្វើអាជីវកម្មជាមួយអង្គការ Trump សមាជិកគ្រួសាររបស់លោក ត្រាំ និងរួមទាំងលោក ត្រាំ ខ្លួនគាត់ផ្ទាល់ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ JPMorgan បានចេញមុខបដិសេធការចោទប្រកាន់នេះ។ ហើយបានចេញសេចក្តីថ្លែងការណ៍មួយថា ៖”យើងសោកស្តាយដែលប្រធានាធិបតី ត្រាំ បានដាក់ពាក្យបណ្តឹង។ ប៉ុន្តែយើងជឿថាបណ្តឹងនេះគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។ យើងគោរពសិទ្ធិរបស់ប្រធានាធិបតីក្នុងការប្តឹង និងសិទ្ធិរបស់លោកក្នុងការការពារខ្លួន” ៕​