វៀតណាមជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលឃើញការលក់មាសធ្លាក់ចុះ នៅឆ្នាំ២០២៥

អន្តរជាតិ

វៀតណាម ត្រូវបានគេរាយការណ៍ថាជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានកត់ត្រាការធ្លាក់ចុះនៃការលក់មាសដុំ និងកាក់មាស នៅក្នុងឆ្នាំ២០២៥ ដោយបរិមាណធ្លាក់ចុះ ១៤% មកនៅត្រឹម ៣៦,១ តោន បើទោះបីជាមានតម្រូវការពីអ្នកប្រើប្រាស់ខ្លាំងក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញឲ្យដឹងទៀតថា ការជួញដូរមាសរបស់ប្រទេសវៀតណាម បានធ្លាក់ចុះសម្រាប់ត្រីមាសទី៦ ជាប់ៗគ្នា គិតនៅត្រឹមត្រីមាសចុងក្រោយនៃឆ្នាំ២០២៥ ដោយបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត ៥ឆ្នាំចុងក្រោយ។ កង្វះខាតនៃការផ្គត់ផ្គង់ត្រូវបានលើកឡើងថាជាកត្តាចម្បងនៅពីក្រោយការធ្លាក់ចុះនេះ។

ក្រុមប្រឹក្សាមាសពិភពលោក បានបន្ថែមទៀតថា តម្រូវការសម្រាប់មាសដុំ និងកាក់នៅក្នុងប្រទេសសមាជិកអាស៊ានភាគច្រើនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលច្រើនឆ្នាំ។ ប្រទេសថៃបាននាំមុខគេក្នុងតំបន់ក្នុងការទិញមាសដុំ និងកាក់មាសចំនួន ៥១,៤ តោន ដែលកើនឡើង ២៩% បន្ទាប់មកគឺប្រទេសឥណ្ឌូណេស៊ី កើនឡើង ២៩% ម៉ាឡេស៊ី កើនឡើង ៣៧% និងសិង្ហបុរី កើនឡើង ៤៨%។

ជម្រាបជូនថា ធនាគាររដ្ឋវៀតណាមបាននិយាយនៅពេលថ្មីៗនេះថា ប្រទេសវៀតណាមមិនមែនជាប្រទេសផលិតមាសទេ ហើយពឹងផ្អែកជាចម្បងលើការនាំចូល ដែលនាំឱ្យមានការផ្គត់ផ្គង់មានកម្រិត ដោយសាររូបិយប័ណ្ណបរទេសត្រូវបានផ្តល់អាទិភាពសម្រាប់តម្រូវការចាំបាច់ជាង៕​