ក្រុមហ៊ុនគ្រីបតូខ្នាតយក្សកូរ៉េ Bithumb ច្រលំចែក Bitcoin តម្លៃជាង ៤០ពាន់លានដុល្លារឲ្យអតិថិជន

អន្តរជាតិ

ក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូខ្នាតយក្សរបស់កូរ៉េខាងត្បូង Bithumb បាននិយាយកាលពីចុងសប្តាហ៍មុនថា ខ្លួនបានផ្តល់កាក់ Bitcoin តម្លៃជាង ៤០ពាន់លានដុល្លារ ដោយចៃដន្យដល់អតិថិជន ព្រោះតែកំហុសបច្ចេកទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញក៏ដោយ ក្រុមហ៊ុន Bithumb បានចេញសារ​សុំទោស​ចំពោះ​កំហុស​នេះ ហើយ​បាន​និយាយ​ថា ខ្លួន​បាន​ទាញ​យកមក​វិញ ៩៩,៧% នៃ​កាក់ Bitcoin សរុប​ចំនួន ៦២០,០០០ កាក់ ដែល​មាន​តម្លៃ​ប្រហែល ៤៤ពាន់​លាន​ដុល្លារ​គិតតាមតម្លៃលើទីផ្សារ​បច្ចុប្បន្ន។

គួរឲ្យដឹងផងដែរថា ជុំវិញហេតុការណ៍នេះ បានកើតឡើងនៅពេលក្រុមហ៊ុន Bithumb មានគម្រោងចែកជូនរង្វាន់ជាសាច់ប្រាក់តូចៗចំនួន ២ ០០០វ៉ុន (១,៤០) ឬច្រើនជាងនេះដល់អតិថិជនរបស់ខ្លួនម្នាក់ៗ ជាផ្នែកមួយនៃការផ្សព្វផ្សាយ ប៉ុន្តែដោយសារតែកំហុសបច្ចេកទេសអតិថិជន បែជាទទួលបានជាកាក់ Bitcoin យ៉ាងហោចណាស់ ២ ០០០ កាក់ ក្នុងម្នាក់ៗ ទៅវិញ។

មិនតែប៉ុណ្ណោះ Bithumb ថែមទាំងបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ថា៖”យើង​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ឧប្បត្តិហេតុ​នេះ​មិន​ទាក់ទង​នឹង​ការលួចចូល​ពីខាងក្រៅ ឬ​ការរំលោភផ្នែក​សុវត្ថិភាព​ទេ ហើយ​វាក៏ពាក់ព័ន្ធទៅនឹង​បញ្ហា​ជាមួយ​ប្រព័ន្ធសុវត្ថិភាព​ ឬ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​អតិថិជន​នោះដែរ”។

ជម្រាបជូនថាតម្លៃ Bitcoin បានធ្លាក់ចុះ ១៧% ក្នុងរយៈពេលខ្លី មកនៅត្រឹមជាង ៨១លានវ៉ុន (ជាង ៥៥០០០ដុល្លារ) ក្នុងមួយកាក់ គិតនៅល្ងាចថ្ងៃសុក្រសប្តាហ៍មុន នៅលើ Bithumb ។ ប៉ុន្តែក្រោយមកតម្លៃរបស់វាបានងើបឡើងវិញ ដោយការជួញដូរចុងក្រោយ នៅក្នុងតម្លៃជាង ១០៤លានវ៉ុន ឬជាង ៧១ ០០០ដុល្លារ ក្នុងមួយកាក់៕​