លោក ត្រាំ គំរាមបញ្ឈប់បើកដំណើរការស្ពានអន្តរជាតិកាណាដា-អាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ ខែកុម្ភៈ បានគំរាមបញ្ឈប់ការបើកដំណើរការស្ពានថ្មីមួយរវាងសហរដ្ឋអាមេរិក និងកាណាដា ដែលជាការវាយប្រហារថ្មីមួយផ្សេងទៀតប្រឆាំងទៅនឹងប្រទេសជិតខាងរបស់ខ្លួនមួយនេះ បន្ទាប់ពីមានការគំរាមដំឡើងពន្ធគយខ្ពស់ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ ថែមទាមងបាននិយាយទៀតថា សហរដ្ឋអាមដរិកគួរតែជាម្ចាស់យ៉ាងហោចណាស់ពាក់កណ្តាលនៃស្ពានអន្តរជាតិ Gordie Howe ដែលកំពុងសាងសង់នេះ ខណៈវាតភ្ជាប់ខេត្ត Ontario របស់ប្រទេសកាណាដា ជាមួយរដ្ឋ Michigan របស់សហរដ្ឋអាមេរិក។

គួរឲ្យដឹងថាស្ពានតម្លៃប្រមាណ ៤,៧ពាន់លានដុល្លារ ដែលដាក់តាមឈ្មោះកីឡាករ Hockey ដ៏ល្បីល្បាញលោក Gordie Howe ត្រូវបានចាប់ផ្តើមសាងសង់ឡើងចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ ហើយរំពឹងថានឹងបញ្ចប់ជាស្ថាពរ នៅចុងឆ្នាំ២០២៦ នេះ។

យ៉ាងណាក៏ដោយ លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖” ខ្ញុំនឹងមិនអនុញ្ញាតឱ្យស្ពាននេះបើកទេ រហូតដល់សហរដ្ឋអាមេរិកទទួលបានសំណងពេញលេញសម្រាប់អ្វីគ្រប់យ៉ាងដែលយើងបានផ្តល់ឱ្យពួកគេ ហើយសំខាន់ជាងនេះទៅទៀត កាណាដាប្រព្រឹត្តចំពោះសហរដ្ឋអាមេរិកដោយយុត្តិធម៌ និងការគោរពដែលយើងសមនឹងទទួលបាន”។

​មិនតែប៉ុណ្ណោះ លោក ត្រាំ បានត្អូញត្អែរទៀត​ថា ប្រទេស​កាណាដា​បានប្រកាន់ខ្លួនថាជា​ម្ចាស់​ស្ពាន​ទាំងសងខាង ហើយ​ពួកគេស្ទើរតែ​មិន​បាន​ប្រើប្រាស់​ផលិតផល​របស់​សហរដ្ឋអាមេរិក​ដើម្បី​សាងសង់​វា​នោះឡើយ។

ជម្រាបជូនផងដែរថា ក្រៅពីបញ្ហានេះ ទីក្រុងវ៉ាស៊ីនតោនក៏បានគំរាមដាក់ពន្ធ ១០០% លើប្រទេសកាណាដាផងដែរ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Mark Carney បានទៅទស្សនាទីក្រុងប៉េកាំងកាលពីខែមុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយប្រទេសចិន៕​