ហុងកុង បន្តវ៉ាដាច់សិង្ហបុរី ជាទីក្រុងដែលមានទីផ្សារលំនៅឋានថ្លៃបំផុតនៅលើពិភពលោក

អន្តរជាតិ

យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារ Deutsche Bank បានបង្ហាញថាហុងកុងនៅតែបន្តជាប់ចំណាត់ថ្នាក់ជាទីផ្សារអចលនទ្រព្យលំនៅឋានថ្លៃបំផុតរបស់ពិភពលោក ខណៈពេលដែលសិង្ហបុរីបានធ្លាក់ពីចំណាត់ថ្នាក់ទីបីមកចំណាត់ថ្នាក់ទីបួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ Mapping the World’s Prices របស់ធនាគារអាល្លឺម៉ង់ Deutsche Bank ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះបានបង្ហាញថា តម្លៃជាមធ្យមសម្រាប់អាផាតមិនកណ្តាលទីក្រុងនៅហុងកុងគឺ ២៧ ៧៥៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៦ នេះ ពោលគឺបានកើនឡើងពី ២៦ ៧៤៩ដុល្លារកាលពីមួយឆ្នាំមុន។

ទន្ទឹមនឹងនេះ តម្លៃអាផាតមិនជាមធ្យមនៅកណ្តាលទីក្រុងរបស់ប្រទេសសិង្ហបុរីមានតម្លៃ ២២ ៩៣៣ដុល្លារក្នុងមួយម៉ែត្រការ៉េ បានធ្លាក់ចុះពី ២៣ ៥៩៥ដុល្លារ នៅក្នុងឆ្នាំ២០២៥។

យ៉ាងណាមិញ ទីក្រុងសេអ៊ូលបានឡើងមួយចំណាត់ថ្នាក់ដល់លេខបី ដោយវ៉ាដាច់ទីក្រុងសិង្ហបុរីដោយមានតម្លៃអាផាតមិនជាមធ្យម ២៣ ៥៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈទីក្រុងហ្ស៊ូរីច និងទីក្រុងហ្សឺណែវរបស់ប្រទេសស្វីស ជាប់នៅចំណាត់ថ្នាក់លេខ២ និងលេខ៥ រៀងៗគ្នា៕​