ចិន ដាក់បង្ហាញរថយន្តហោះទំហំធំជាងគេបំផុត នៅលើពិភពលោក

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ចិន AutoFlight បានដាក់បង្ហាញរថយន្តហោះ Matrix ដើរដោយថាមពលអគ្គិសនី ដែលអាចហោះឡើង និងចុះចតបញ្ឈរ ក្នុងអំឡុងពេលនៃការហោះហើរសាកល្បងជាសាធារណៈ នៅភាគខាងកើតប្រទេសចិន កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្តហោះ Matrix ត្រូវបានក្រុមហ៊ុន AutoFlight ដាក់បង្ហាញជាលើកដំបូង នៅឯកន្លែងហោះហើរសាកល្បងមួយនៅក្នុងទីក្រុង Kunshan ដោយវាមានស្លាបប្រហែល ២០ ម៉ែត្រ តួខ្លួនបណ្តោយ ១៧,១ ម៉ែត្រ និងកម្ពស់ ៣,៣ ម៉ែត្រ ហើយត្រូវបានក្រុមហ៊ុននេះ សម្មត់ថាជារថយន្តហោះ eVTOL ធំជាងគេបំផុត នៅលើពិភពលោក។

មិនតែប៉ុណ្ណោះ រថយន្តហោះ Matrix នេះ ត្រូវបានរចនាឡើងជាពិសេស ដើម្បីដឹកអ្នកដំណើររហូតដល់ ១០ នាក់ ឬអាចដឹកជញ្ជូនទំនិញរហូតដល់ ១ ៥០០ គីឡូក្រាម។

យ៉ាងណាមិញ បើតាមក្រុមហ៊ុន AutoFlight បានបង្ហាញឲ្យដឹងទៀតថា រថយន្តហោះ Matrix នេះ ត្រូវបានផលិតឡើងជាពីរម៉ូដែល ដោយម៉ដែលអគ្គិសនីសុទ្ធ អាចហោះហើរបានចម្ងាយអតិបរមាប្រហែល ២៥០ គីឡូម៉ែត្រ និងម៉ូដែលអគ្គីសនីចម្រុះ Hybrid អាចហោះហើរបានចម្ងាយរហូតដល់ ១ ៥០០ គីឡូម៉ែត្រ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន AutoFlight ហាក់នៅមិនទាន់ទម្លាយប្រាប់ឲ្យដឹងពីតម្លៃ និងថ្ងៃដាក់លក់រថយន្តហោះ Matrix នៅលើទីផ្សារនៅឡើយនោះទេ៕​