ស្ងាត់ៗ អាមេរិក ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសអាមេនី

អន្តរជាតិ

ប្រទេសអាមេនី និងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីសហការគ្នាក្នុងវិស័យនុយក្លេអ៊ែរស៊ីវិល ខណៈពេលដែលទីក្រុវ៉ាស៊ីនតោន កំពុងព្យាយាមស្វែងរកការពង្រឹងទំនាក់ទំនងជាមួយអតីតប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការណ៍មួយស្តីពីកិច្ចព្រមព្រៀងលើវិស័យនុយក្លេអ៊ែរ គឺត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan និងអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងប្រទេសនេះ។

មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរបានបញ្ចប់ការចរចាលើអ្វីដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀង 123 ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកផ្តល់អាជ្ញាប័ណ្ណស្របច្បាប់ដល់បច្ចេកវិទ្យា និងឧបករណ៍នុយក្លេអ៊ែរដល់ប្រទេសដទៃទៀត។

កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យមានការនាំចេញដំបូងរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអាមេនីរហូតដល់ ៥ពាន់លានដុល្លារ បូករួមទាំងកិច្ចសន្យាប្រេងឥន្ធនៈ និងការថែទាំរយៈពេលវែងចំនួន ៤ពាន់លានដុល្លារផ្សេងទៀត។

ជម្រាបជូនថា ដោយធ្លាប់តែពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ជាយូរមកហើយសម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន អាមេនីឥឡូវនេះកំពុងពិនិត្យឡើងវិញនូវសំណើពីក្រុមហ៊ុនអាមេរិក រុស្ស៊ី ចិន បារាំង និងកូរ៉េខាងត្បូង ដើម្បីសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីមួយ ដើម្បីជំនួសរោងចក្រថាមពលនុយក្លេអ៊ែរចាស់តែមួយគត់របស់ខ្លួន ដែលសាងសង់ដោយរុស្ស៊ី គឺរោងចក្រ Metsamor​៕