សាស្ត្រាចារ្យចិន ស្នើឲ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប៉ាណាម៉ា ក្រោយដកហូតសិទ្ធិកំពង់ផែក្រុមហ៊ុនចិន

អន្តរជាតិ

លោកសាស្ត្រាចារ្យ Tian Feilong ដែលជាអ្នកប្រាជ្ញចិនដ៏ល្បីល្បាញម្នាក់ ជឿជាក់ថា ទីក្រុងប៉េកាំងគួរតែពិចារណាដាក់ទណ្ឌកម្មធ្ងន់ធ្ងរ លើប្រទេសប៉ាណាម៉ា បន្ទាប់ពីមានការរឹបអូសកំពង់ផែរបស់ក្រុមហ៊ុនចិន នៅក្នុងព្រែកជីកប៉ាណាម៉ា នាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCPM។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Tian ដែលជាអនុប្រធានសាលាច្បាប់នៅសាកលវិទ្យាល័យជាតិចិនផងនោះ បាននិយាយទៅកាន់គេហទំព័រ Guancha ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Trump កំពុងតែព្យាយាមរុញច្រានប្រទេសចិនចេញពីតំបន់អាមេរិកឡាទីន។ ហើយចំពោះគោលបំណងនៃសកម្មភាពនេះ គឺដើម្បីទទួលបានអត្ថប្រយោជន៍ មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក ត្រាំ ទៅកាន់ប្រទេសចិន នៅក្នុងខែមេសាខាងមុខ។

មិនតែប៉ុណ្ណោះ លោក Tian បានអះអាងទៀតថា ប្រទេសចិនគួរតែដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសប៉ាណាម៉ា បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះ បានដកហូតសិទ្ធិប្រតិបត្តិការរបស់ក្រុមហ៊ុន CK Hutchison ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ស្ថិតនៅចុងម្ខាងៗ នៃព្រែកជីកប៉ាណាម៉ា។

យោងតាមសាស្ត្រាចារ្យជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា ប៉ាណានឹងត្រូវបង់ថ្លៃចំណាយដ៏ច្រើន សម្រាប់ការចិត្តនេះ ស្របពេលចិនអាចនឹងណែនាំឲ្យក្រុមហ៊ុនរដ្ឋជាច្រើនបញ្ឈប់ការចរចាលើគម្រោងថ្មីៗ នៅក្នុងប្រទេសប៉ាណាម៉ា ផងដែរ។

លើសពីនេះ លោក Tian បានចោទប្រកាន់សហរដ្ឋអាមេរិកថា ជាអ្នកនៅពីក្រោយការសេចក្តីសម្រេចរបស់តុលាការប៉ាណាម៉ា ដោយអះអាងថា ទីក្រុងប៉េកាំងក៏គួរតែដាក់ទណ្ឌកម្មលើក្រុមហ៊ុនតំណាងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ាណាម៉ា និងដាក់ទណ្ឌកម្មបន្ទាប់បន្សំលើភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកផ្សេងទៀត៕​