រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចផ្អាកការហាមឃាត់លើបច្ចេកវិទ្យាសំខាន់ៗមួយចំនួនរបស់ប្រទេសចិន ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង មុនពេលមានកិច្ចប្រជុំកំពូលនៅខែមេសា រវាងប្រធានាធិបតីនៃប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែល បានរាយការណ៍ឲ្យដឹងទៀតថា វិធានការដែលត្រូវបានផ្អាកទាំងនោះរួមមានការហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុន China Telecom នៅសហរដ្ឋអាមេរិក និងការរឹតបន្តឹងលើការលក់ឧបករណ៍ចិន សម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏បានផ្អាកការហាមឃាត់ការលក់ដុំរ៉ោតទ័រក្នុងស្រុកដែលផលិតដោយក្រុមហ៊ុនចិន TP-Link និងអាជីវកម្មអ៊ីនធឺណិតរបស់ China Unicom និង China Mobile នៅសហរដ្ឋអាមេរិក ផងដែរ។
យ៉ាងណាមិញ ទាំងនេះត្រូវបាចាត់ទុកថាជាចលនាចុងក្រោយបំផុតរបស់រដ្ឋបាលលោក ត្រាំ ដើម្បីទប់ស្កាត់សកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអាចធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ បន្ទាប់ពីការផ្អាកពាណិជ្ជកម្មដែលសម្រេចបានដោយលោក ស៊ី ជិនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីខែតុលា។
មិនតែប៉ុណ្ណោះ នៅមុនពេលមានកិច្ចប្រជុំនាខែមេសាខាងមុខ ស្ថានទូតចិនបាននិយាយថា ទីក្រុងប៉េកាំងបានប្រកាសថាខ្លួននឹងប្រឆាំងចំពោះការប្រែក្លាយបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យាទៅជាអាវុធនយោបាយ ខណៈពេលដែលស្វាគមន៍កិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន ដែលអាចធ្វើឱ្យឆ្នាំ២០២៦ នេះ ជាឆ្នាំដែលប្រទេសធំៗទាំងពីរឈានទៅមុខឆ្ពោះ ដោយការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ជម្រាបជូនថា ប្រធានាធិបតី លោក ត្រាំ មានគម្រោងទៅទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅខែមេសា ហើយក៏បានអញ្ជើញលោក ស៊ី ឱ្យត្រលប់មកធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងចុងឆ្នាំនេះផងដែរ៕

