ចិន បានប៉ាន់ប្រមាណថាខ្លួននឹងកត់ត្រាការធ្វើដំណើរកម្សាន្តប្រហែល ៩,៥ ពាន់លានដង នៅទូទាំងប្រទេស ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីរយៈពេល ៤០ថ្ងៃ របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដូវកាលធ្វើដំណើរអំឡូងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ នៅក្នុងប្រទេសចិន បានចាប់ផ្តើមនៅថ្ងៃទី២ ខែកុម្ភៈ ហើយនឹងមានរយៈពេលឈប់សម្រាករហូតដល់ទៅ ៤០ថ្ងៃឯណោះ។ មន្ត្រីចិន រំពឹងថានឹងមានការធ្វើដំណើរក្នុងស្រុកប្រហែល ៩,៥ ពាន់លានដង ដោយក្នុងនោះគិតរួមទាំងការវិលត្រលប់មកលេងផ្ទះវិញ និងការធ្វើដំណើរកម្សាន្ត ដែលជាកំណត់ត្រាខ្ពស់បំផុត និងកើនឡើងពីចំនួន ៩,០២ ពាន់លានដង កាលពីឆ្នាំមុន។
គួរឲ្យដឹងថាស្ថិតិធ្វើដំណើរប្រចាំឆ្នាំបានកើនឡើងចាប់តាំងពីក្រសួងដឹកជញ្ជូនរបស់ប្រទេសចិនបានកែសម្រួលវិធីសាស្រ្តរបស់ខ្លួនក្នុងការគណនាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន តាំងពីឆ្នាំ២០២៣ មក រួមទាំងការធ្វើដំណើរតាមផ្លូវគោកទាំងអស់ នៅលើផ្លូវហាយវេជាតិសំខាន់ៗ។
ជម្រាបជូនថា ការធ្វើដំណើរកម្សាបន្តក្នុងពិធីបុណ្យចូលឆ្នាំចិន ឬ “Spring Festival travel rush” គឺជាការធ្វើចំណាកស្រុកនិទាឃរដូវដ៏ធំបំផុតរបស់ពិភពលោក នៅពេលដែលប្រជាជនចិនរាប់រយលាននាក់ត្រឡប់នៅស្រុកកំណើតរបស់ពួកគេវិញ ដើម្បីអបអរបុណ្យចូលឆ្នាំចិន៕

