មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពេលថ្មីៗនេះ បានជំរុញឲ្យសហរដ្ឋអាមេរិកធ្វើការជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ដើម្បីស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយការរឹតបន្តឹងពាណិជ្ជកម្មគ្នាទៅវិញទៅមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ការអំពាវនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញពន្ធគយយ៉ាងទូលំទូលាយលើសម្ព័ន្ធមិត្ត និងដៃគូប្រកួតប្រជែង ខណៈពេលដែលលោកបានស្វែងរកការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងជំរុញការផលិតក្នុងស្រុក ពោលគឺចាប់តាំងពីឡើងកាន់អំណាចនៅក្នុងសេតវិមានជាថ្មីមក។
មិនតែប៉ុណ្ណោះ IMF បានកត់សម្គាល់ថា ក្នុងអំឡុងឆ្នាំនេះ រដ្ឋបាលរបស់លោក ត្រាំ ក៏បានស្វែងរកការកាត់បន្ថយការពឹងផ្អែកលើកម្មករអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត និងកាត់បន្ថយតួនាទីរបស់រដ្ឋាភិបាលសហព័ន្ធនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ IMF បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែធ្វើការប្រកបដោយស្ថាបនាជាមួយដៃគូ ដើម្បីដោះស្រាយការព្រួយបារម្ភអំពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងយល់ព្រមលើការកាត់បន្ថយការរឹតបន្តឹងពាណិជ្ជកម្ម និងការបង្ខូចទ្រង់ទ្រាយគោលនយោបាយឧស្សាហកម្មដែលមានផលប៉ះពាល់អវិជ្ជមានឆ្លងកាត់ព្រំដែន។
ជម្រាបជូនផងដែរថា ពិភពលោកបច្ចុប្បន្នកំពុងទទួលរងនូវពន្ធគយថ្មីពីសំណាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បន្ទាប់ពីលោកបានប្រើប្រាស់ច្បាប់ផ្សេងមួយដើម្បីដាក់ពន្ធគយសកលថ្មី ១០% ហើយអាចនឹងកើនឡើងដល់ ១៥% បន្ថែមទៀតផងដែរ ចាប់តាំងពីតុលាការកំពូលអាមេរិក សម្រេចលុបចោលគោនយោបាយពន្ធគយជាច្រើនរបស់ប្រធានាធិបតីរូបនេះ កាលពីសប្តាហ៍មុន៕

