យោងតាមអ្នកវិភាគបានព្យាករថាតម្លៃរបស់កាក់ឌីជីថល Bitcoin អាចនឹងធ្លាក់ចុះក្រោម ៦០ ០០០ដុល្លារ ក្នុងមួយកាក់ ប្រសិនបើជម្លោះនៅអឺរ៉ង់នៅតែបន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានគ្រីបតូ CoinDesk។

បន្ទាប់ពីមានព័ត៌មានអំពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទៅលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈមក កាក់ Bitcoin (BTC) បានធ្លាក់ចុះតម្លៃមកនៅក្រោម ៦៣ ០០០ដុល្លារក្នុងមួយកាក់។ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកមួយនេះបានធ្លាក់ចុះប្រហែល ៣% ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីថ្ងៃទី៥ ខែកុម្ភៈ នៅពេលដែល BTC ធ្លាក់តម្លៃក្រោម ៦០ ០០០ដុល្លារជាលើកដំបូង។
យ៉ាងណាមិញ បើតាមលោក Shaurya Malwa សហអ្នកដឹកនាំក្រុមទិន្នន័យ និងសញ្ញាសម្ងាត់អាស៊ីរបស់ CoinDesk បាននិយាយថាកាក់ Bitcoin អាចធ្លាក់ចុះដល់ក្រោម ៦០ ០០០ដុល្លារ ឬទាបជាងនេះ។
ប្រសិនបើវាធ្លាក់ចុះដល់ ៦០ ០០០ដុល្លារ នោះតម្លៃរបស់ Bitcoin នឹងថយអស់ជិត ៥៣% បើប្រៀបធៀបទៅនឹងកម្រិតកំពូលរបស់វា នៅដើមខែតុលា ឆ្នាំ២០២៥។ រូបិយប័ណ្ណគ្រីបតូដ៏បំផុតមួយនេះ បានបាត់បង់តម្លៃទីផ្សារខ្លួនជិត ២០% រួចហើយ នៅក្នុងខែកុម្ភៈ។
ជម្រាបជូនថា ជុំវិញការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា ត្រូវបានក្រុមអ្នកវិភាគជឿជាក់ថាតម្លៃ Bitcoin អាចនឹងធ្លាក់ចុះខ្លាំងនៅពេលដំបូង ប៉ុន្តែវានឹងអាចងើបឡើងវិញ នៅពេលដែលទីផ្សារប្រពៃណីស្រូបយកព័ត៌មាន ហើយស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង៕

