ទីផ្សារភាគហ៊ុនអាមេរិកបានកើនឡើងបន្ថែមទៀត កាលពីរសៀលថ្ងៃពុធ បន្ទាប់ពីរបាយការណ៍ព័ត៌មានមួយដែលរាយការណ៍ថា អ៊ីរ៉ង់បានបង្ហាញពីការបើកចំហចំពោះការចរចា និងការសន្យារបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះការស្ថិរភាពទីផ្សារប្រេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញរបាយការណ៍នេះ បានធ្វើឲ្យសន្ទស្សន៍ហ៊ុន Nasdaq ហក់ឡើង ១,៥២% ភ្លាមៗ ដែលជាការហក់ឡើងដ៏ខ្ពស់មួយគិតចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ដែលបានបញ្ឆេះជម្លោះនៅមជ្ឈិមបូព៌ាមក។
យ៉ាងណាមិញ យោងតាមរបាយការណ៍របស់ New York Times បាននិយាយថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានទាក់ទងដោយប្រយោលទៅកាន់ទីភ្នាក់ងារ CIA របស់សហរដ្ឋអាមេរិកមួយថ្ងៃបន្ទាប់ពីការវាយប្រហារ ប៉ុន្តែមន្ត្រីអាមេរិកនៅតែមានការសង្ស័យថា ទាំងរដ្ឋបាលលោក ត្រាំ ឬអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការថយចុះភាពតានតឹងក្នុងរយៈពេលខ្លីខាងមុខ។
គួរឲ្យដឹងថាព័ត៌មាន ក៏បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មានការកើនឡើងព្រមៗគ្នាផងដែរ ដោយភាគហ៊ុនរបស់ Nvidia កើនឡើង ២,៣% Amazon កើនឡើង ៣,៧% និង Applied Digital កើនឡើង ៩,៣%។
ប៉ុន្តែទោះជាយ៉ាងណាក ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតប្រេង និងឧស្ម័នបានធ្លាក់ចុះ រួមទាំង ConocoPhillips ដែលបានធ្លាក់ចុះ ២,៨% ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុនប្រេងឈានមុខគេនៅលើទីផ្សារ S&P 500 ក៏បានធ្លាក់ចុះ ១,៤%ផងដែរ៕

