សហរដ្ឋអាមេរិក នឹងទទួលបានប្រេងរបស់ប្រទេសវេណេស៊ុយអេឡាចំនួន ១០០ លានបារ៉ែលបន្ថែមទៀត

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រេងរបស់វេណេស៊ុយអេឡាជាង ១០០ លានបារ៉ែលបន្ថែមទៀត នឹងត្រូវដឹកជញ្ជូនទៅកាន់រោងចក្រចម្រាញ់ប្រេងនៅក្នុងទីក្រុង Houton សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋ Florida នៅថ្ងៃទី៩ ខែមីនាថា ៖”យើងបាននាំយកប្រេងចំនួន ១០០ លានបារ៉ែលរួចមកហើយ ដោយមាននៅក្នុងទីក្រុង Houston ។ ឥឡូវនេះពួកគេកំពុងបញ្ជូនប្រេងចំនួន ១០០ លានបារ៉ែលមកបន្ថែមទៀត។ វាដូចជាភាពជាដៃគូ។ យើងមានទំនាក់ទំនងល្អណាស់ជាមួយពួកគេ”។

គួរឲ្យដឹងថា កាលពីពីរថ្ងៃមុននេះ លោក ត្រាំ ក៏បានថ្លែងនៅក្នុងសន្និសីទមួយនៅរដ្ឋ Florida ថា សហរដ្ឋអាមេរិកកំពុងទទួលបានប្រេងយ៉ាងច្រើន ពីប្រទេសវេណេស៊ុយអេឡា។ ប្រធានាធិបតីរូបនេះ ថែមទាំងបានបង្ហាញទៀតថា ក្រុមហ៊ុនប្រេងធំៗជាច្រើនបានចូលរួម ហើយកំពុងរកលុយបានយ៉ាងច្រើនច្រើន ដូច្នេះសហរដ្ឋអាមេរិកក៏ទទួលបានផលខ្លះៗដែរ។

ជម្រាបជូនថា កាលពីចុងសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Doug Burgum បាននិយាយថា រដ្ឋបាលលោក ត្រាំ កំពុងប្រែក្លាយប្រទេសវេណេស៊ុយអេឡាទៅជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក។ ចលនានេះជួយទូទាត់ការរំខានដល់ការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា និងបន្ធូរបន្ថយសម្ពាធនៃវិបត្តិដឹកជញ្ជូនសកលបានមួយផ្នែក៕​