សហរដ្ឋអាម៉េរិក បានអះអាងក្តែងៗថា កងកម្លាំងជើងទឹករបស់ខ្លួនបានបើកប្រតិបត្តិការវាយប្រហារយ៉ាងខ្លាំងក្លា និងកម្ទេចនាវាដាក់មីនអ៊ីរ៉ង់ចំនួន ១៦គ្រឿង ដែលបម្រុងធ្វើសកម្មភាពនៅច្រកសមុទ្រ Hormuz។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

យោងតាមបញ្ជាការដ្ឋានកណ្តាលអាម៉េរិក (CENTCOM) បានលើកឡើងថា អ៊ីរ៉ង់បានព្យាយាមដាក់មីនក្នុងទឹក នៅតំបន់ឈូងសមុទ្រពែរ្ស និងច្រក Hormuz ដើម្បីរារាំងនាវាដឹកប្រេងអន្តរជាតិ និងនាវាចម្បាំងអាម៉េរិក មិនឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចសកល។
អាម៉េរិក បានអះអាងប្រតិបត្តិការនេះថា ជាសកម្មភាពការពារខ្លួនជាមុន (Pre-emptive strike) ដើម្បីបង្ការកុំឲ្យមានវិនាសកម្មដល់នាវាស៊ីវិល និងយោធា។
ការកម្ទេចនេះ អាម៉េរិកបានប្រើយន្តហោះចម្បាំង F-35 និង ដ្រូនពិឃាត MQ-9 Reaper ដែលបានកំណត់គោលដៅយ៉ាងច្បាស់លើក្រុមនាវាដាក់មីនខ្នាតតូច និងមធ្យមរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។
គូសបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានប្រកាសត្រៀមខ្លួនវាយប្រហារប្រទេសនេះខ្លាំងជាងមុនដល់ទៅ ២០ ដងឯណោះ បើទីក្រុងតេហេរ៉ង់ មិនព្រមបើកច្រក Hormuz ឲ្យមានលំហូរប្រេង។ លោកបន្ថែមថា សង្គ្រាមអ៊ីរ៉ង់ នឹងចប់ឆាប់ៗនេះ ប៉ុន្តែមិនមែនចប់ក្នុងសប្តាហ៍នេះទេ៕





