អាមេរិក នឹងបញ្ចេញប្រេងជាង ១៧២ លានបារ៉ែលពីទុនបម្រុងរបស់ខ្លួន ដើម្បីទប់ទល់នឹងតម្លៃ

អន្តរជាតិ

សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសថានឹងបញ្ចេញប្រេងជាង ១៧០ លានបារ៉ែលពីស្តុកប្រេងរយៈពេល ១២០ ថ្ងៃរបស់ខ្លួន នៅសប្តាហ៍ក្រោយ ដើម្បីបន្ថយសម្ពាធទីផ្សារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បានប្រកាសនៅថ្ងៃទី១១ ខែមីនាថា អាមេរិកកំពុងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីបន្ថយសម្ពាធតម្លៃប្រេងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែវិបត្តិផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា។ លោក Wright បានសង្កត់ធ្ងន់ទៀតថា ការបញ្ចេញនេះគឺជាផ្នែកមួយនៃផែនការបញ្ចេញប្រេងចំនួន ៤០០ លានបារ៉ែល ដែលបានប្រកាសមុននេះដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ផងដែរ។

យ៉ាងណាមិញចំពោះ ការបញ្ចេញប្រេងពីទុនបម្រុងនេះ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយនិងមានរយៈពេល ១២០ថ្ងៃ។ រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បាននិយាយទៀតថា អាមេរិក ក៏មានគម្រោងបន្ថែមប្រេងប្រហែល ២០០ លានបារ៉ែលទៅក្នុងទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំខាងមុខផងដែរ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។ ក្រោយមកអ៊ីរ៉ង់ បានសងសឹកវិញ ដោយការវាយប្រហារលើមូលដ្ឋានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងប្រទេសឈូងសមុទ្រ។ ជម្លោះនេះមានរយៈពេលជិតពីរសប្តាហ៍ហើយ ខណៈមិនទាន់មានសញ្ញាណាមួយនៃការបញ្ចប់ជម្លោះក្នុងពេលឆាប់ៗនេះទេ។

ជម្រាបជូនថា ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ន ត្រូវបានជាប់គាំង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក។ វាត្រូវបានចាត់ទុកថាជាខ្សែជីវិតនៅក្នុងតំបន់ឈូងសមុទ្រ ដែលតាមរយៈផ្លូវទឹកនោះប្រហែល ២០% នៃប្រេងឆៅរបស់ពិភពលោកត្រូវបានដឹកជញ្ជូនចែកចាយទៅកាន់តំបន់ផ្សេង៕​