អាមរិក ចំណាយអស់ជាង ១១ពាន់លានដុល្លារ ៦ថ្ងៃដំបូងនៃជម្លោះជាមួយអ៊ីរ៉ង់

អន្តរជាតិ

យោងតាមមន្ត្រីនៅក្នុងរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកបានចំណាយប្រាក់យ៉ាងហោចណាស់ ១១,៣ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំមួយថ្ងៃដំបូងនៃជម្លោះជាមួយអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីនៅក្នុងរដ្ឋបាលរបស់លោក ត្រាំ កាលពីពេលថ្មីៗនេះ​ បានជួបជាមួយសមាជិកព្រឹទ្ធសភាដោយសម្ងាត់ ហើយត្រូវបានស្នើសុំម្តងហើយម្តងទៀតសម្រាប់ព័ត៌មានបន្ថែមអំពីជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ង់។

យ៉ាងណាមិញ មន្ត្រីទាំងនោះ បានប៉ាន់ប្រមាណថា ប្រាំមួយថ្ងៃដំបូងនៃសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ បានចំណាយប្រាក់យ៉ាងហោចណាស់ ១១,៣ពាន់លានដុល្លារ។ តួលេខនេះមិនរាប់បញ្ចូលការចំណាយជាច្រើនដែលទាក់ទងនឹងការរៀបចំសម្រាប់ការវាយប្រហារនោះទេ។

ជំនួយការសភាមួយចំនួនបាននិយាយថា ពួកគេរំពឹងថា សេតវិមាននឹងដាក់សំណើទៅកាន់សភាសម្រាប់ថវិកាបន្ថែមសម្រាប់សង្គ្រាម ក្នុងពេលឆាប់ៗនេះ ខណៈពេលដែលមន្ត្រីមួយចំនួនបានណែនាំថា សំណើនេះអាចមានចំនួនរហូតដល់ ៥០ពាន់លានដុល្លារ។

ជម្រាបជូនថា មជ្ឈិមបូព៌ាត្រូវបានហ៊ុំព័ទ្ធដោយជម្លោះ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈមក។ អ៊ីរ៉ង់បានសងសឹកវិញដោយការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ និងប្រទេសអារ៉ាប់ជាច្រើន៕