Geely វ៉ាដាច់ BYD ក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលក្នុងប្រទេសចិន នៅដើមឆ្នាំ២០២៦ នេះ

អន្តរជាតិ

ក្រុមហ៊ុន Geely Auto ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង នៅក្នុងវិស័យរថយន្តដែលកំពុងមានការកើនឡើងនៅក្នុងប្រទេសចិន ដោយបានវ៉ាដាច់ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី កំពុងជួបប្រទះទៅនឹងការបរាជ័យបន្ទាប់ពីរដ្ឋាភិបាលបានដកការអនុគ្រោះពន្ធមួយផ្នែក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមអ្នកវិភាគ បានបង្ហាញថា Geely ដែលជាក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីចិន លោក Li Shufu បានវ៉ាដាច់ក្រុមហ៊ុន BYD ក្នុងការលក់ សម្រាប់រយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដោយសារតែគុណភាព និងភាពជឿជាក់នៃរថយន្តរបស់ខ្លួន។

ក្រុមហ៊ុន Geely ដែលផលិតទាំងរថយន្តសាំង និងរថយន្តអគ្គិសនីក្រោមម៉ាកល្បីៗរួមមាន Zeekr, Lynk និង Galaxy បានដឹកជញ្ជូនរថយន្តចំនួនសរុបចំនួន ៤៧៦ ៣២៧ គ្រឿងក្នុងខែមករា និងខែកុម្ភៈ ដល់អ្នកទិញក្នុងស្រុក និងក្រៅប្រទេស ដែលជាការកើនឡើង ១% ពីមួយឆ្នាំមុន។

ក្នុងចំណោមនោះការលក់រថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុន Geely បានកើនឡើងជាង ១០% ធៀបនឹងឆ្នាំមុន ដល់ចំនួន ២៤១ ៧៤០ គ្រឿងក្នុងរយៈពេលដូចគ្នា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន BYD ដែលផលិតតែរថយន្តអគ្គិសនីសុទ្ធ និងកូនកាត់ Hybrid ការលក់របស់ខ្លួនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ ៣៥,៨% បើធៀបនឹងឆ្នាំមុន មកនៅត្រឹមចំនួន ៤០០ ២៤១ គ្រឿង។

ជម្រាបជូនថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់របស់ BYD គឺជាសញ្ញាច្បាស់លាស់មួយដែលបង្ហាញថាការគាំទ្រពីរដ្ឋាភិបាលកាន់តែតូចចង្អៀតអាចមានផលប៉ះពាល់អវិជ្ជមានដល់ទីផ្សាររថយន្តអគ្គិសនី ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងប្រាក់ចំណូលធ្លាក់ចុះ៕​