អ៊ីរ៉ង់ ចំអកឲ្យលោក ត្រាំ ចំៗ ជុំវិញការអំពាវនាវឲ្យសម្ព័ន្ធមិត្តជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចំអកឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំៗ សម្រាប់ការអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គាំទ្រដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងទាមទារឲ្យទីក្រុងតេអេរ៉ង់ចុះចាញ់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Abbas Araghchi បានប្រកាសនៅថ្ងៃទី១៦ ខែមីនាថា ៖”ពួកគេបានធ្វើការវាយប្រហារទ្រង់ទ្រាយធំ និងទាមទារម្តងហើយម្តងទៀតឲ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ ថ្ងៃនេះ ឬប្រហែល ១៥ថ្ងៃបន្ទាប់ពីជម្លោះបានផ្ទុះឡើង ពួកគេកំពុងងាកទៅរកប្រទេសដទៃទៀតម្តងទៀតសម្រាប់ជំនួយក្នុងការធានាសន្តិសុខនៃច្រកសមុទ្រ Hormuz និងរក្សាវាឲ្យបើកចំហ”។

យ៉ាងណាមិញ​ ការលើកឡើងរបស់លោក Araghchi នេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ត្រាំ បានបង្ហាញក្តីរំពឹងថាអង្គការណាតូនឹងជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលត្រូវបានរារាំងស្ទើរតែទាំងស្រុង ដោយអ៊ីរ៉ង់។

ទន្ទឹមនឹងនេះ​ លោក ត្រាំ ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា ប្រទេសចិននឹងជួយបន្ធូរបន្ថយភាពជាប់គាំងនៃច្រកសមុទ្រដ៏សំខាន់មួយនេះ​នៅមុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង ដែលត្រូវបានគេរំពឹងទុកថានឹងធ្វើឡើងនៅចុងខែមីនានេះ ដើម្បីជួបជាមួយប្រធានាធិបតី លោក ស៊ី ជិនពីង។

មិនតែប៉ុណ្ណោះ ដោយបញ្ជាក់ជាថ្មីនូវចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ក៏បានបញ្ជាក់ផងដែរថា ភាគីដែលមិនពាក់ព័ន្ធនឹងសកម្មភាពយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នៅតែអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បានធម្មតា ប្រសិនបើពួកគេសម្របសម្រួល និងត្រូវបានអនុញ្ញាតដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់៕​