ចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ ៤ ប្រទេសនៅមជ្ឈិមបូព៌ា ដែលរងគ្រោះពីសង្គ្រាម

អន្តរជាតិ

(ក្រុងប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសចំនួនបួន រួមមាន អ៊ីរ៉ង់ ហ៊្សកដានី លីបង់ និងអ៊ីរ៉ាក់ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលកំពុងកើតមានឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឱ្យដឹងកាលពីថ្ងៃទី១៧មីនាថា តាមរយៈជំនួយមនុស្សធម៌នេះ រដ្ឋាភិបាលទីក្រុងប៉េកាំងរំពឹងថា នឹងជួយសម្រាលទុក្ខលំបាករបស់ប្រជាជនកំពុងរងគ្រោះ ខណៈស្ថានភាពមនុស្សធម៌មានភាពកាន់តែដុនដាប។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា ប្រទេ​សចិន នឹងបន្តខិតខំប្រឹងប្រែងជំរុញឱ្យមានការឈប់បាញ់ ដើម្បីនាំយកសន្តិភាព និង ស្ថិរភាពត្រឡប់មកកាន់តំបន់នេះវិញឱ្យបានឆាប់រហ័ស ព្រមទាំងទប់ស្កាត់កុំឱ្យវិបត្តិមនុស្សធម៌នេះរីករាលដាលបន្តទៀត។

លោកបានគូសបញ្ជាក់ថា ជំហររបស់ទីក្រុងប៉េកាំងនៅតែបន្តប្រកាន់ខ្ជាប់នូវការរក្សាសន្តិសុខតាមរយៈកិច្ចចរចា និង បានបដិសេធសំណើរបស់លោក ត្រាំ ក្នុងការបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រហ័រមូស (Strait of Hormuz) ព្រោះបារម្ភថា សកម្មភាពយោធាអាចនឹងធ្វើឱ្យជម្លោះកាន់តែឆេះឡើងខ្លាំង ហើយវាមិនមែនជាវិធីសាស្ត្រក្នុងការដោះស្រាយសង្គ្រាមនេះឡើយ៕