តើកន្លែងស្តុកប្រេង និងឧស្ម័នធំៗលើពិភពលោកណាខ្លះដែល​រងការវាយប្រហារ​ក្នុង​សង្គ្រាម​​អ៊ីរ៉ង់?

អន្តរជាតិ

ជម្លោះនៅមជ្ឈិមបូព៌ាបានឈានចូលដល់ដំណាក់កាលដ៏គ្រោះថ្នាក់បំផុត គឺយុទ្ធសាស្ត្រ «ថាមពលដូរនឹងថាមពល»។ អ្វីដែលចាប់ផ្តើមត្រឹមតែជាការបិទខ្ទប់ផ្លូវទឹកច្រកសមុទ្រ Hormuz ឥឡូវនេះបានក្លាយជាការវាយប្រហារយ៉ាងច្បាស់ៗ ទៅលើរោងចក្រប្រេង និងឧស្ម័នដែលសំខាន់បំផុតរបស់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ខាងក្រោមនេះគឺជាស្ថានភាពនៃទីតាំងថាមពលសំខាន់ៗដែលកំពុងឆាបឆេះក្នុងអណ្តាតភ្លើងសង្រ្គាម៖

១. មហាយក្ស “South Pars” (អ៊ីរ៉ង់) រងការទម្លាក់គ្រាប់បែក

កាលពីថ្ងៃទី១៨ ខែមីនា សង្រ្គាមបានវាយប្រហារចំបេះដូងសេដ្ឋកិច្ចអ៊ីរ៉ង់។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើវាលឧស្ម័ន South Pars ដែលជាប្រភពឧស្ម័នដ៏ធំបំផុតនៅលើពិភពលោក។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់ The Guardian។

អ្នកជំនាញប៉ាន់ប្រមាណថា សមត្ថភាពផលិតប្រហែល ១៤% (ជិត ១០០លានម៉ែត្រគូបក្នុងមួយថ្ងៃ) ត្រូវកាត់ផ្តាច់ភ្លាមៗ ដែលបង្កឲ្យមានការដាច់ចរន្តអគ្គិសនីពាសពេញប្រទេសអ៊ីរ៉ង់ និងផ្អាកការនាំចេញឧស្ម័នទៅកាន់ប្រទេសតួកគី និងអ៊ីរ៉ាក់។

២. ការវាយបកលើ “ធុងហ្គាសពិភពលោក”៖ Ras Laffan (កាតា)

ក្នុង​របាយការណ៍​របស់ The Washington Post ប៉ុន្មានម៉ោងក្រោយការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់មកអ៊ីរ៉ង់បានបាញ់មីស៊ីលរាប់សិបគ្រាប់តបតទៅលើតំបន់ Ras Laffan របស់ប្រទេសកាតា។ វាជាលើកទីមួយហើយដែលភាគីកាតារងការវាយប្រហារចំៗបែប​នេះដែលបណ្តាលឱ្យក្រុមហ៊ុន QatarEnergy រងការខូចខាតធ្ងន់ធ្ងរនូវ​​​ឧបករណ៍​ចម្រាញ់ឧស្ម័នរាវ (LNG) ចំនួនពីរ។ កាតាគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នរាវ ២០% ដល់ពិភពលោក។ នៅពេលរោងចក្រនេះផ្អាក តម្លៃឧស្ម័ននៅអឺរ៉ុប និងអាស៊ីបានហក់ឡើងជាង ៣០% ត្រឹមតែមួយថ្ងៃ។

៣. ការបិទផ្លូវវាង៖ រោងចក្រចម្រាញ់ SAMREF (អារ៉ាប៊ីសាអូឌីត)

អារ៉ាប៊ីសាអូឌីតបានព្យាយាមបញ្ជូនប្រេងតាមផ្លូវគោកទៅកាន់សមុទ្រក្រហម ដើម្បីចៀសវាងច្រកសមុទ្រ Hormuz ដែលត្រូវបានបិទ។ ប៉ុន្តែនៅថ្ងៃទី១៩ ខែមីនា ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា អ៊ីរ៉ង់បានពង្រីកវិសាលភាពសង្រ្គាម ដោយប្រើដ្រូនវាយប្រហាររោងចក្រ SAMREF នៅទីក្រុង Yanbu។ ការវាយប្រហារនេះបង្ហាញថា សូម្បីតែផ្លូវវាងដែលស្មានថា «សុវត្ថិភាព» ក៏ស្ថិតក្នុង​ការ​ដៅព្រួញរបស់អ៊ីរ៉ង់ដែរ។

៤. ការផ្អាកដំណើរការនៅទូទាំងតំបន់៖ អេមីរ៉ាត និង គុយវ៉ែត

អារ៉ាប់រួម (UAE) អាជ្ញាធរត្រូវបានបង្ខំ​ឲ្យ​បិទរោងចក្រឧស្ម័ន Habshan និងវាលប្រេង Bab បន្ទាប់ពីមានការស្ទាក់ចាប់មីស៊ីល និងដ្រូនជាច្រើនលើក។

គុយវ៉ែត៖ រោងចក្រចម្រាញ់ប្រេងចំនួនពីរត្រូវបានគេរាយការណ៍ថា កំពុងឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងរលកនៃការវាយប្រហារតបតចុងក្រោយនេះ។

ផលវិបាកជាសកល៖ «ការថប់ដង្ហើមនៃសេដ្ឋកិច្ច»

ការបំផ្លិចបំផ្លាញទាំងនេះ បូករួមនឹងការបិទច្រកសមុទ្រ Hormuz ជិតទាំងស្រុង បានបង្កើត​ឲ្យ​មានវិបត្តិផ្គត់ផ្គង់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ៖

តម្លៃប្រេង៖ ប្រេងឆៅប្រភេទ Brent បានហក់ឡើងលើស ១១៩ដុល្លារ ក្នុងមួយបារ៉ែល។

ការខ្វះខាត៖ ទីផ្សារពិភពលោកកំពុងប្រឈមនឹងការខ្វះខាតប្រេងប្រហែល ២០លានបារ៉ែលក្នុងមួយថ្ងៃ។

ទោះបីជាអាមេរិកបានបញ្ចេញប្រេងបម្រុងចំនួន ៤០០លានបារ៉ែលដើម្បីទប់លំនឹងតម្លៃក៏ដោយ ក៏​អ្នកវិភាគព្រមានថា ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មនៅតែបន្តត្រូវ​បាន​គេកម្ទេចបែបនេះ ការខូចខាតដល់សេដ្ឋកិច្ចពិភពលោកអាចនឹងអូសបន្លាយរាប់ឆ្នាំ។ នេះលែងត្រឹមតែជាការយឺតយ៉ាវនៃកប៉ាល់ដឹកជញ្ជូនទៀតហើយ វាគឺជា «ការរុះរើប្រព័ន្ធថាមពលពិភពលោក»៕