សហរដ្ឋអាម៉េរិកកំពុងតែពន្លឿនការបញ្ជូនកងកម្លាំងយោធាប្រមាណ ៨០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងប្រតិបត្តិការវាយលុកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលកំពុងតែមានភាពតានតឹងខ្លាំង។

តាមប្រភពព័ត៌មានពី Newsmax និង Anadolu ចុះផ្សាយថ្ងៃទី២០មីនានេះ ថាក្រុមនាវាចម្បាំង USS Boxer និងកងពលតូចម៉ារីនលេខ១១ បានចាកចេញពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកមុនកាលកំណត់។ សូម្បីតែមន្ត្រីជើងទឹក និងកងទ័ពម៉ារីន ក៏ត្រូវបានបញ្ជាឲ្យកាត់បន្ថយថ្ងៃឈប់សម្រាករបស់ពួកគេ ដើម្បីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់សមរភូមិផងដែរ។ ការចល័តទ័ពយ៉ាងគំហុកនេះ បានកើតឡើងបន្ទាប់ពីប្រតិបត្តិការរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨កុម្ភៈ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមនុស្សប្រហែល ១៣០០នាក់ផ្សេងទៀត។
យោងតាមផែនការ កងទ័ពប្រមាណ ៤០០០នាក់ នឹងធ្វើដំណើរតាមនាវាចម្បាំងធំៗចំនួន៣ គឺ USS Boxer, USS Portland និង USS Comstock។ នៅពេលដែលក្រុមនាវាទាំងនេះទៅជួបជុំគ្នាជាមួយក្រុមនាវា USS Tripoli ដែលកំពុងធ្វើដំណើរទៅស្រាប់នោះ ចំនួនកងទ័ពសរុបនឹងកើនឡើងដល់ ៨០០០នាក់ រួមជាមួយនាវាចម្បាំងវាយលុក៦គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ លម្អិតពីចលនាទ័ពទាំងនេះនៅឡើយទេ។
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្នកំពុងស្ថិតក្នុងភាពវឹកវរ ខណៈដែលអ៊ីរ៉ង់បានចាប់ផ្តើមវាយបកវិញតាមរយៈការប្រើប្រាស់ដ្រូន និងមីស៊ីល បាញ់ស្រោចទៅលើប្រទេសអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រជាច្រើនទៀត។ ការវាយបកនេះមិនត្រឹមតែសំដៅលើមូលដ្ឋានទ័ពអាមេរិក និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធហោះហើរ និងទីផ្សារសកលលោកទាំងមូលទៀតផង៕




