សម្តេចប៉ាប អំពាវនាវឱ្យបញ្ឈប់សង្រ្គាមមជ្ឈិមបូព៌ាជាបន្ទាន់ ខណៈទុក្ខវេទនាមនុស្សជាតិកំពុងកើនឡើង

អន្តរជាតិ

(វ៉ាទីកង់)៖ សម្តេចប៉ាប Leo បានបន្តអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា ដែលផ្តើមចេញពីការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ ដោយចាត់ទុកការស្លាប់ និងទុក្ខវេទនាគឺជារឿងសៅហ្មងសម្រាប់មនុស្សជាតិទាំងមូល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersកាលពីថ្ងៃទី២២ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចប៉ាប មានព្រះបន្ទូលថា «យើងមិនអាចនៅស្ងៀម ចំពោះមុខទុក្ខវេទនារបស់មនុស្សជាច្រើន ដែលជាជនរងគ្រោះគ្មានទីពឹងនៃជម្លោះទាំងនេះបានទេ។ អ្វីដែលធ្វើឱ្យពួកគេឈឺចាប់ គឺធ្វើឱ្យមនុស្សជាតិទាំងមូលឈឺចាប់ដូចគ្នា»។ សម្តេចបន្តថា ​«ខ្ញុំសូមអំពាវនាវម្ដងទៀតយ៉ាងមុតមាំសម្រាប់គ្រប់គ្នា ដោយបន្តអធិស្ឋានឱ្យអរិភាពអាចបញ្ឈប់ទៅបាន ហើយរកឃើញផ្លូវឆ្ពោះទៅសន្តិភាព»។

គួរបញ្ជាក់ថា សង្គ្រាមដែលបានចូលដល់សប្តាហ៍ទី៤ កំពុងស្ថិតក្នុងការគំរាមកំហែងដាក់គ្នាទៅវិញទៅមក។ ក្រៅពីមានមនុស្សស្លាប់ និងរបួស តំបន់ប្រេងនៅមជ្ឈិមបូព៌ាក៏បានរងគ្រោះ ធ្វើឱ្យវិស័យថាមពលសកលរង្គោះរង្គើរ ប៉ះពាល់ដល់ជីវភាពប្រជាជននៅជុំវិញពិភពលោក៕