ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta Platforms លោក Mark Zuckerberg , ប្រធានក្រុមហ៊ុន Oracle លោក Larry Ellison និងនាយកប្រតិបត្តិក្រុមហ៊ុន លោក Jensen Huang ឲ្យកាន់តំណែងក្នុងក្រុមប្រឹក្សាទើបបង្កើតថ្មីមួយ ដើម្បីពិភាក្សាលើគោលនយោបាយបច្ចេកវិទ្យា AI និងបញ្ហាផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google និងនាយកប្រតិបត្តិក្រុមហ៊ុន AMD លោកស្រី Lisa Su ក៏ស្ថិតនៅក្នុងចំណោមសមាជិកចំនួន ១៣ រូបមកពីក្រុមឧស្សាហកម្មបច្ចេកវិទ្យា ដែលត្រូវបានតែងតាំងនៅក្នុងក្រុមប្រឹក្សា ស្តីពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (PCAST) របស់ប្រធានាធិបតីរូបនេះផងដែរ។
ជុំវិញការបង្កើតក្រុមប្រឹក្សាថ្មីនេះ លោក ត្រាំ បានបង្ហាញពីគោលបំណងធំ ក្នុងការធ្វើឲ្យអាមេរិកក្លាយជាមេដឹកនាំ ក្នុងវិស័យបញ្ញាសិប្បនិម្មិត ដែលត្រូវបានចាត់ទុកថាជាអាទិភាពចម្បងនៃអាណត្តិទីពីររបស់លោក ដោយកំណត់បច្ចេកវិទ្យាជាទីលាននៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយប្រទេសចិន។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សានេះ ដែលត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការប្រកួតប្រជែងសកលកាន់តែខ្លាំងឡើងក្នុងវិស័យបញ្ញាសិប្បនិម្មិត អាចនឹងបង្កើនសមាជិកបន្ថែមទៀត រហូតដល់ ២៤ នាក់។នេះបើយោងតាមសេតវិមាន៕

