លោក ត្រាំ ស្នើកាត់បន្ថយថវិកាជាង ១,៥ពាន់លានដុល្លារ និងបណ្តេញបុគ្គលិក TSA ជាង ៩ ៤០០ នាក់

អន្តរជាតិ

សេតវិមាន កំពុងស្នើឲ្យមានការកាត់បន្ថយបុគ្គលិកជាង ៩ ៤០០ នាក់ និងថវិកាជាង ១,៥ពាន់លានដុល្លារ ពីរដ្ឋបាលសន្តិសុខតាមអាកាសយានដ្ឋាន (TSA) បន្ទាប់មានការបិទនូវផ្នែកខ្លះនៃក្រសួងសន្តិសុខមាតុភូមិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភានឹងធ្វើការពិចារណាលើសំណើថវិការបស់សេតវិមាន នៅចុងខែនេះ ខណៈពេលដែលសមាជិកសភា មានគោលបំណងឈានដល់កិច្ចព្រមព្រៀងសម្រាប់ការអនុម័តថវិកាថ្មី មុនពេលឆ្នាំសារពើពន្ធបញ្ចប់ នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ។ ក្នុងនោះដែរសមាជិកសភាបក្សសាធារណរដ្ឋមួយចំនួន បានជំរុញឲ្យមានការធ្វើឯកជនភាវូបនីយកម្មទៅលើ TSA ទាំងស្រុង។

គួរឲ្យដឹងផងដែរថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យអាកាសយានដ្ឋានតូចៗប្រើប្រាស់សន្តិសុខឯកជនជំនួសឲ្យបុគ្គលិក TSA បណ្តោះអាសន្នសិន ដែលជាជំហានដំបូងឆ្ពោះទៅរកការធ្វើឯកជនភាវូបនីយកម្មទីភ្នាក់ងារដែលមើលការខុសត្រូវចំពោះសន្តិសុខនៅតាមអាកាសយានដ្ឋាននេះ។

ជម្រាបជូនផងដែរថា បុគ្កលិក TSA ដែលមានចំនួនសរុបប្រមាណ ៦០ ០០០ នាក់ បានធ្វើការងាររបស់ពួកគេដោយគ្មានប្រាក់ឈ្នួលអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែមានការបិទនូវផ្នែកខ្លះនៃក្រសួងសន្តិសុខមាតុភូមិ ដោយសារតែខ្វះថវិកាពីសភា៕​