សេតវិមានថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ គឺជាជ័យជម្នះសម្រាប់សហរដ្ឋអាមេរិក

អន្តរជាតិ

សេតវិមាន បានហៅកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ថាជាជ័យជម្នះសម្រាប់ទីក្រុងវ៉ាស៊ីនតោន ពីព្រោះគោលបំណងយោធាស្នូលត្រូវបានសម្រេចហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Caroline Leavitt អ្នកនាំពាក្យសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលទីក្រុងវ៉ាស៊ីនតោនទើបតែសម្រេចបានជាមួយទីក្រុងតេអេរ៉ង់ថា ៖”នេះគឺជាជ័យជម្នះសម្រាប់អាមេរិក ដែលសម្រេចបានដោយប្រធានាធិបតី ដូណាល់ ត្រាំ និងយោធាដ៏ខ្លាំងក្លារបស់យើង”។

លោកស្រី Leavitt បានសង្កត់ធ្ងន់ទៀតថា ដំបូងឡើយប្រធានាធិបតី លោក ត្រាំ រំពឹងថាសង្គ្រាមអាចនឹងមានរយៈពេលបួន ទៅប្រាំមួយសប្តាហ៍ ចាប់តាំងពីពេលដែលសហរដ្ឋអាមេរិក ចាប់ផ្តើមប្រតិបត្តិការវាយប្រហារនៅថ្ងៃទី២៨ ខែកុម្ភៈមក។ ប៉ុន្តែបន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលត្រឹម ៣៨ថ្ងៃ សហរដ្ឋអាមេរិកបានសម្រេចបាន និងទទួលបានលើសពីគោលបំណងយោធាស្នូលរបស់ខ្លួនរួចរាល់ទៅហើយ។

ទន្ទឹមនឹងនេះ​ សេតវិមាន ក៏បានបង្ហាញការជឿជាក់ថា យុទ្ធនាការរបស់សហរដ្ឋអាមេរិក បានបង្ខំឲ្យអ៊ីរ៉ង់ យល់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយដែលប្រេងប្រហែល ២០% នៃពិភពលោក ត្រូវបានឆ្លងកាត់តាមផ្លូវទឹកនេះ មុនពេលមានជម្លោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានបញ្ជាក់ថា ខ្លួនបានយល់អនុម័តបទឈប់បាញ់រយៈពេលពីរសប្តាហ៍នេះពិតមែន តែនេះមិនមានន័យថាការប្រយុទ្ធបានបញ្ចប់ទាំងស្រុងនោះឡើយ៕​