រដ្ឋាភិបាលសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះបានបដិសេធសំណើពីក្រុមហ៊ុន Ford Motor និងបណ្តាក្រុមហ៊ុនផលិតរថយន្តអាមេរិកផ្សេងទៀត សម្រាប់ការបន្ធូរបន្ថយពន្ធគយលើអាលុយមីញ៉ូម បន្ទាប់ពីអគ្គីភ័យឆាបឆេះនៅរោងចក្រ Novelis ដែលបង្កើតឲ្យមានការរាំងស្ទះសម្រាប់ការផ្គត់ផ្គង់លើគ្រឿងបង្គុំយានយន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Ford បានដាក់ញត្តិទៅកាន់រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដើម្បីសុំជំនួយ ដោយស្នើសុំឲ្យមានការបន្ធូរបន្ថយពន្ធលើការនាំចូលអាលុយមីញ៉ូម ៥០% ពីក្រៅប្រទេសសិន មុនពេលរោងចក្រ Novelis នៅទីក្រុង Oswego រដ្ឋញូវយ៉ក វិលត្រឡប់មកបម្រើសេវាកម្មពេញលេញវិញ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការពិភាក្សាទាំងនេះ នៅតែមិនទាន់មានដំណោះស្រាយណាមួយកើតឡើងនៅឡើយទេ រវាងក្រុមហ៊ុនផលិតរថយន្តអាមេរិក និងរដ្ឋាភិបាលអំពីផលប៉ះពាល់នៃពន្ធគយនាំចូលដ៏ខ្ពស់របស់ លោក ត្រាំ នេះ។
ជម្រាបជូនផងដែរថា Ford គឺជាអតិថិជនកំពូលរបស់រោងចក្រ Novelis ដែលភាគច្រើនផ្គត់ផ្គង់សម្ភារៈសម្រាប់ខ្សែសង្វាក់ផលិតកម្មរថយន្តដឹកនទំនិញ F-150 ដែលជាម៉ូដែលរកប្រាក់ចំណេញបានយ៉ាងច្រើនរបស់ក្រុមហ៊ុន៕

