ភ្លើងឆេះភូមិបណ្តែតទឹកនៅម៉ាឡេស៊ី បំផ្លាញផ្ទះសំបែងពលរដ្ឋអស់ជាង ១ ០០០ ខ្នង

អន្តរជាតិ

ភ្លើងឆេះព្រៃដ៏ធំមួយបានបំផ្លាញផ្ទះប្រជាជនប្រហែល ១ ០០០ ខ្នងនៅក្នុងភូមិបណ្តែតទឹកមួយក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី ដោយបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរដ្ឋ Sabah បាននិយាយថា អគ្គីភ័យដ៏ធំសម្បើមបានឆាបឆេះភូមិមួយក្នុងស្រុក Sandakan នៅយប់ថ្ងៃទី១៩ ខែមេសា ដោយបានបំផ្លាញផ្ទះជាង ១ ០០០ ខ្នងដែលសាងសង់នៅលើទឹកក្នុងទំហីផ្ទៃដី ៤ ហិកតា។

គួរឲ្យដឹងថា គ្មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនៅក្នុងអគ្គីភ័យនោះទេ ខណៈនាយកដ្ឋានពន្លត់អគ្គីភ័យរដ្ឋ Sabah បានវាយតម្លៃស្ថានភាពនៅក្នុងតំបន់នោះថាត្រូវបានគ្រប់គ្រងទាំងស្រុងហើយ។ លោក George Abd Rakman អធិការនគរបាលស្រុក Sandakan បាននិយាយថា គ្រោះអគ្គីភ័យទ្រង់ទ្រាយធំនេះ បានប៉ះពាល់ដល់មនុស្សជាង ៩ ០០០ នាក់ ដែលធ្វើឲ្យពួកគេបាត់បង់ផ្ទះសំបែង និងត្រូវចម្លៀសចេញភ្លាមៗ។

ជម្រាបជូនថា ភូមិដែលអគ្គីភ័យបានកើតឡើង គឺជាជម្រករបស់សហគមន៍ក្រីក្របំផុតមួយរបស់ប្រទេសម៉ាឡេស៊ី ពួកគេត្រូវរស់នៅក្នុងផ្ទះឈើដែលមានចំនួនមនុស្សរស់នៅយ៉ាងណែនណាន់តាន់តាប់ ដែលភាគច្រើនត្រូវបានសាងសង់ពីលើទឹក៕